(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានហៅទូរស័ព្ទទៅកាន់សម្ព័ន្ធមិត្តសំខាន់ៗ ដើម្បីធ្វើការធានាថា សហរដ្ឋអាមេរិកនៅតែប្រកាន់ជំហរដដែល ក្នុងការផ្ដល់ការគាំទ្រ និងជំនួយសម្រាប់អ៊ុយក្រែន បន្ទាប់ពីសមាជិកសភាតំណាងរាស្ត្រសាធារណរដ្ឋ មួយចំនួយ រារាំងការបញ្ជូនកញ្ចប់ជំនួយបន្ថែមទៅឱ្យទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣។

បើតាមសេតវិមាន លោក បៃដិន បានជជែកតាមទូរស័ព្ទជាមួយមេដឹកនាំកាណាដា អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន ប៉ូឡូញ រូម៉ានី ចក្រភពអង់គ្លេស ព្រមទាំងមេដឹកនាំ NATO សហភាពអឺរ៉ុប និងរដ្ឋមន្ត្រីការបរទេសបារាំង។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ សេតវិមានបានបន្ថែមថា លោកប្រធានាធិបតី បៃដិន បានហៅទូរស័ព្ទទៅកាន់សម្ព័ន្ធមិត្ត និងដៃគូនានា ដើម្បីសម្របសម្រួលពាក់ព័ន្ធនឹងការផ្ដល់ជំនួយគាំទ្រសម្រាប់ អ៊ុយក្រែន។ ប៉ុន្តែ សេតវិមានមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ ដោយគ្រាន់តែនិយាយថាព័ត៌មានលម្អិតនឹងត្រូវចេញផ្សាយនៅពេលក្រោយ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន បានគេចផុតពី Shutdown ជាបណ្ដោះអាសន្ន ជាមួយការអនុម័តកញ្ចប់ថវិកាមួយ តែមិនមាន បញ្ចូលជំនួយថ្មីសម្រាប់អ៊ុយក្រែននោះទេ។ រុស្ស៉ី វិញបានហៅភាពចលាចលនៅសហរដ្ឋអាមេរិក ថាជាកើនឡើងនៃភាពនឿយណាយ របស់ លោកខាងលិចនឹងសង្រ្គាមអ៊ុយក្រែន៕

រូបភាពពី AFP