(អង់ការ៉ា)៖ ប៉ូលីសបានចាប់ខ្លួនមនុស្សយ៉ាងតិច ៦៧ នាក់នៅទូទាំងប្រទេសតួកគីនៅថ្ងៃអង្គារនេះ ក្នុងការវាយឆ្មក់មួយសំដៅទៅលើមនុស្សដែលមានទំនាក់ទំនងនឹង ពួកសកម្មប្រយុទ្ធឃឺដ ប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារអត្តឃាតនៅក្នុងរដ្ឋធានីតួកគី។ នេះបើ

យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីមហាផ្ទៃ លោក Ali Yerlikaya បាននិយាយថា ប៉ូលីសបានធ្វើការវាយឆ្មក់នៅក្នុងខេត្តចំនួន ១៦ របស់ប្រទេសតួកគី ហើយបានចាប់ខ្លួនមនុស្សចំនួន ៥៥នាក់ដែលសង្ស័យថាជាផ្នែករបស់ក្រុមស៊ើបការណ៍ នៃគណបក្សពលករឃឺដ (PKK)។ លោក Yerlikaya បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដូច្នេះថា​ យ៉ាងហោចណាស់មនុស្ស ១២ នាក់ផ្សេងទៀតដែលសង្ស័យថា ជាសមាជិក PKK ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការដាច់ដោយឡែកមួយ នៅក្នុងខេត្តចំនួន ៥។

គណបក្សពលករឃឺដ (PKK) បាននិងកំពុងដឹកនាំការបះបោរ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនៅក្នុងប្រទេសតួកគី ហើយត្រូវបានចាត់ទុកថាជាអង្គការភេរវកម្មដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ មនុស្សរាប់ម៉ឺននាក់បានស្លាប់ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅឆ្នាំ​ ១៩៨៤។

គួរបញ្ជាក់ថា កាល​ពី​ថ្ងៃ​អាទិត្យ អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ម្នាក់​បាន​បំផ្ទុះគ្រាប់បែក​ នៅ​ជិត​ច្រក​ចូល​ក្រសួង​មហាផ្ទៃ ប៉ុន្មាន​ម៉ោង​មុន​ពេល​ដែល​លោក​ប្រធានាធិបតី Recep Tayyip Erdogan ត្រូវ​មក​ថ្លែង​សុន្ទរកថា​នៅ​សភាក្រោយឈប់សម្រាករដូវក្តៅ។ អ្នកវាយប្រហារម្នាក់ទៀត ត្រូវបានបាញ់សម្លាប់នៅក្នុងការបាញ់ប្រហារជាមួយប៉ូលីស ខណៈប៉ូលិស​ពីរ​នាក់​បាន​រង​របួស​ស្រាល​ក្នុង​ការ​វាយ​ប្រហារ​នោះ។

យោងតាមគេហទំព័រព័ត៌មានជិតស្និទ្ធនឹងក្រុមនេះ បានឱ្យដឹងថា គណបក្សពលករឃឺដបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ខណៈដែលអាជ្ញាធរតួកគីបានកំណត់អត្តសញ្ញាណអ្នកវាយប្រហារម្នាក់ថាជាអ្នកប្រយុទ្ធ PKK ។ ប៉ុន្មានម៉ោងក្រោយមក កងទ័ពអាកាសតួកគី បានធ្វើការវាយប្រហារតាមអាកាសទៅលើទីតាំងដែលសង្ស័យថា ជាទីតាំងរបស់ PKK នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់៕

រូបភាពពី AFP