Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: មានករណីបាញ់ប្រហារក្នុងផ្សារទំនើប Saim Paragon របស់ថៃ នៅកណ្តាលទីក្រុងបាងកក បណ្តាលឲ្យមនុស្សមួយចំនួនស្លាប់ និងរងរបួស (Video inside)

03-10-2023 18:03

(បាងកក)៖ ប៉ូលិសថៃ នៅថ្ងៃអង្គារ ទី៣ ខែតុលានេះបានចាប់ខ្លួនជនសង្ស័យម្នាក់មានអាយុ១៤ឆ្នាំ បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារមួយ នៅឯផ្សារទំនើប Siam Paragon ក្នុងរដ្ឋធានីបាងកក ខណៈក្រុមមន្ត្រីសង្រ្គោះបន្ទាន់ឱ្យដឹងថាមនុស្ស ៣នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ជាមួយគ្នានោះដែរ សារព័ត៌មាន Thai PBS News ដោយផ្អែកលើប្រភពពីមន្ទីរពេទ្យ Erawan Emergency Medical Center បានរាយការណ៍ថា មនុស្សយ៉ាងហោច ៧នាក់ បានរងរបួស។ មនុស្សរាប់រយនាក់បានរត់ចេញពីផ្សារទំនើប Siam Paragon ក្រោយលឺស្នូរគ្រាប់កាំភ្លើងនៅខាងក្នុងផ្សារទំនើប នេះ ដែលត្រូវបានបិទច្រកចេញចូលជាបណ្ដោះអាសន្ន។

នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ក៏បានទទួលស្គាល់ថាមានហេតុការណ៍បាញ់ប្រហារនេះដែរ ដោយបញ្ជាក់ថាប៉ូលិសគ្រប់គ្រងស្ថានការណ៍ បានទាំងស្រុង ខណៈមានសេចក្ដីរាយការណ៍ថាជនសង្ស័យមានអាយុ ១៤ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន។ ប៉ុន្តែ មូលហេតុនៅពីក្រោយការបាញ់ប្រហារនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

គួរបញ្ជាក់ថា ការបាញ់ប្រហារខាងលើ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងដល់ខួបមួយឆ្នាំនៃការវាយប្រហារយ៉ាងបង្ហូរឈាមមួយ នៅក្នុងប្រវត្តិសាស្ត្រ របស់ថៃ នៅពេលដែលអតីតមន្ត្រីប៉ូលិសម្នាក់ប្រដាប់ដោយអាវុធ និងកាំភ្លើង បានវាយប្រហារលើកន្លែងមើលថែក្មេងមួយកន្លែង ដោយសម្លាប់មនុស្សពេញ វ័យ១២នាក់ និងកុមារ ២៤នាក់។ កាលពីឆ្នាំ២០២០ អតីតមន្ត្រីប៉ូលិសថៃម្នាក់ ក៏បានបើកការបាញ់ប្រហារក្នុងផ្សារទំនើបមួយក្នុងខេត្ត Korat ផងដែរ ដោយសម្លាប់មនុស្ស ២៩នាក់ និងជាច្រើននាក់រងរបួស៕

សូមទស្សនាវិដេអូ៖ https://t.me/freshnewsasia/155572