(យ៉េរ៉េវ៉ាន់)៖ នៅថ្ងៃអង្គារនេះ សភានៃប្រទេសអាមេនីបានសម្រេចផ្តល់សច្ចាប័ន ចំពោះលក្ខន្តិកៈទីក្រុងរ៉ូមរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដើម្បីទទួលយកយុត្តាធិការរបស់តុលាការ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេនៃប្រទេសហូឡង់មួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣។
ផែនការខាងលើត្រូវបានជំទាស់ជាខ្លាំងដោយរុស្ស៉ី ដែលជាសម្ព័ន្ធមិត្តផ្លូវការរបស់អាមេនី ខណៈប្រទេសទាំង២ មើលឃើញភាពធ្លាក់ដុនដាបនៃទំនាក់ទំនងទ្វេភាគី ដោយសារតែការធ្វើសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន រួមទាំងការវាយដណ្តើមកាន់កាប់របស់អាស៊ែបៃហ្សង់ លើតំបន់មួយដែលកន្លងមកស្ថិតនៅក្រោម ការគ្រប់គ្រងអស់រយៈពេលប្រមាណជា៣ទសវត្សរ៍ ដោយជនជាតិអាមេនី។ អាមេនីបានអះអាងថា ខ្លួនបានពិភាក្សាអំពីផែនការខាងលើជាមួយរុស្ស៉ី បន្ទាប់ពីទីក្រុងមូស្គូបានព្រមានកាលពីខែមីនាថា ទីក្រុងយ៉េរ៉េវ៉ាន់មុខជានឹងប្រឈមផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើហ៊ានទទួលយកយុត្តាធិការរបស់ ICC។
គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំនេះ តុលាការ ICC បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក្រោមការសង្ស័យជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្រ្គាម តាមរយៈការចាប់បញ្ជូនក្មេងៗរាប់រយនាក់ដោយបង្ខិតបង្ខំចេញពីអ៊ុយក្រែន អំលុងសង្រ្គាមឈ្លានពានដែលកំពុងតែបន្តអូសបន្លាយនៅអ៊ុយក្រែន។ ការចូលរួមក្នុង ICC មានន័យថា អាមេនីមានកាតព្វកិច្ចត្រូវចាប់ខ្លួនលោក ពូទីន ប្រសិនបើលោកឈានជើងជាន់ទីនោះ៕
រូបភាពពី AP