(ដាក្កា)៖ តួលេខអ្នកបាត់បង់ជីវិត អំលុងការឆ្លងរីករាលដាលខ្លាំងបំផុតមិនធ្លាប់មាន នៃជំងឺគ្រុនឈាមនៅប្រទេសបង់ក្លាដែសក្នុងឆ្នាំនេះ បានបន្តកើនលើស១,០០០នាក់ហើយ ស្របពេលដែលមន្ទីរពេទ្យមិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទទួលព្យាបាលអ្នកជំងឺឱ្យបានទាន់ពេលវេលា បើធៀបទៅនឹងសន្ទុះនៃការឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស នៃជំងឺដែលបង្កឡើងដោយសត្វមូសនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣។
ទិន្នន័យផ្លូវការរបស់អាជ្ញាធរបង់ក្លាដែសផ្ទាល់ បានបង្ហាញឱ្យឃើញថា នៅក្នុងឆ្នាំនេះគិតមកទល់ពេលឥឡូវ មនុស្សយ៉ាងហោចណាស់ចំនួន ១,០១៧នាក់ហើយបានបាត់បង់ជីវិត និងប្រមាណជិត២០៩,០០០នាក់បានឆ្លង ដែលជាហេតុនាំឱ្យឆ្នាំ២០២៣ ក្លាយជាឆ្នាំដែលមានមនុស្សស្លាប់ ដោយសារជំងឺគ្រុនឈាមច្រើនជាងគេបង្អស់ គិតតាំងពីការកត់ត្រាជំងឺគ្រុនឈាមជាផ្លូវការ បានចាប់ផ្តើមកាលពីឆ្នាំ២០០០។ តួលេខខាងលើគឺខ្ពស់ជាងជិត៤ដង ធៀបទៅនឹងតួលេខអ្នកស្លាប់ដោយសារគ្រុនឈាម នៅប្រទេសអាស៉ីខាងត្បូងមួយនេះ ពេញមួយឆ្នាំ២០២២ នៅពេលបង់ក្លាដែសបានកត់ត្រាករណីសរុបត្រឹម២៨១ករណីប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើតាមក្រុមមន្រ្តីសុខាភិបាលបង់ក្លាដែស មន្ទីរពេទ្យកំពុងជួបការលំបាក ក្នុងការស្វែងរកកន្លែងដើម្បីទទួលព្យានាលអ្នកជំងឺ ដែលមានចំនួនយ៉ាងច្រើន ចំពោះមុខការឆ្លងរាលដាលយ៉ាងឆាប់រហ័ស។ ជំងឺគ្រុនឈាមដែលបង្កឡើងដោយសត្វមូសខ្លា គឺសម្បូរនៅតំបន់ត្រូពិច ជាពិសេសអំលុងរដូវភ្លៀង។ មកទល់សព្វថ្ងៃ ពុំទាន់មានវ៉ាក់សាំងប្រើប្រាស់ទូលំទូលាយ សម្រាប់ការពារប្រឆាំងជំងឺនេះនៅឡើយទេ៕
">
រូបភាពពី AFP