(ញូវដែលី)៖ មន្រ្តីរដ្ឋាភិបាលឥណ្ឌា២រូបបានឱ្យដឹងថា ប៉ូលិសឥណ្ឌាបានបើកប្រតិបត្តិការឆែកឆេរ នៅការិយាល័យនៃក្រុមហ៊ុនសារព័ត៌មានមួយ ព្រមទាំងផ្ទះរបស់ក្រុមអ្នកកាសែតក៏ដូចជាអ្នកនិពន្ធដែលជាប់ពាក់ព័ន្ធ ខណៈវាគឺជាផ្នែកនៃការស៉ើបអង្កេតទៅលើការសង្ស័យថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនោះ បានទទួលមូលនិធិខុសច្បាប់ពីបរទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣។
មន្រ្តីម្នាក់នៅក្រសួងមហាផ្ទៃឥណ្ឌាបានប្រាប់យ៉ាងដូច្នេះថា «ក្រុមស៉ើបអង្កេតពិសេសមួយ បានបើកប្រតិបត្តិការរុករក ដើម្បីកំណត់មុខសញ្ញានៃបុគ្គលទាំងឡាយ ដែលអាចទទួលបានមូលនិធិពីបរទេស ដើម្បីដំណើរការក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ ក្រោមគោលដៅចម្បងគឺចែកចាយព័ត៌មានឃោសនារបស់បរទេស»។ បើតាមមន្រ្តីដដែលនោះ ការប្រតិបត្តិការឆ្មក់ឆែកឆេរខាងលើ ស្ថិតក្រោមក្របខណ្ឌនៃការស៉ើបអង្កេតរបស់ ទីភ្នាក់ងារប្រយុទ្ធប្រឆាំងបទល្មើសហិរញ្ញវត្ថុឥណ្ឌា ជុំវិញការសង្ស័យមានការប្រព្រឹត្តអំពើលាងលុយកខ្វក់ ដោយក្រុមហ៊ុនព័ត៌មានឈ្មោះថា NewsClick។
រីឯមន្រ្តីក្រសួងមហាផ្ទៃឥណ្ឌាម្នាក់ទៀត បាននិយាយថា ការឆែកឆេរក៏ត្រូវបានធ្វើឡើងនៅផ្ទះជាង១០កន្លែង របស់អ្នកកាសែតនិងអ្នកសរសេរដទៃទៀត ដែលមានជាប់ពាក់ព័ន្ធជាមួយ NewsClick ផងដែរ ប៉ុន្តែមិនទាន់មានការចាប់ខ្លួននរណាម្នាក់នៅឡើយទេ ខណៈប្រតិបត្តិការកំពុងតែបន្តប្រព្រឹត្តទៅ។ យោងតាមប្រភពពីអាជ្ញាធរឥណ្ឌា ការស៉ើបអង្កេតបានចាប់ផ្តើម បន្ទាប់ពីសេចក្តីរាយការណ៍មួយកាលពីខែសីហា របស់កាសែតអាមេរិក New York Times បានលើកឡើងឈ្មោះ NewsClick ថា ស្ថិតក្នុងផ្នែកបណ្តាញសកលមួយ ដែលទទួលលុយពីមហាសេដ្ឋីជនជាតិអាមេរិក ឈ្មោះ Neviile Roy Singham ដើម្បីផ្សព្វផ្សាយព័ត៌មានឃោសនារបស់ចិន។
នាពេលនោះ ស្ថាបនិកទីភ្នាក់ងារព័ត៌មាន NewsClick លោក Prabir Purkayastha បាននិយាយថា ការចោទប្រកាន់ខាងលើ មិនមែនជារឿងអ្វីថ្មីទេ ហើយស្ថាប័នលោកនឹងឆ្លើយតបចំពោះការចោទប្រកាន់ទាំងនោះ នៅក្នុងតុលាការ។ ដោយឡែក សមាគមសារព័ត៌មានប្រទេសឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនមានក្តីបារម្ភជ្រាលជ្រៅអំពីដំណឹង នៃការធ្វើប្រតិបត្តិការចុះឆែកឆេរនោះ។
គួរបញ្ជាក់ថា ឥណ្ឌាបានធ្លាក់ដល់ចំណាត់ថ្នាក់ទី១៥០ នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មាន ដែលជារបាយការណ៍ចំណាត់ថ្នាក់ប្រចាំឆ្នាំ ចេញដោយអង្គការ Reporters Without Borders ខណៈកាលពីឆ្នាំមុន ឥណ្ឌាឈរនៅលេខរៀងទី១៤០។ ទោះជាបែបនេះក្តី រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានច្រានចោលរបាយការណ៍របស់អង្គការខាងលើ ដោយចោទសួរអំពីវិធីសាស្រ្តស្រាវជ្រាវ ហើយនិយាយថា ឥណ្ឌាមានបរិយាកាសសារព័ត៌មាន ដែលរស់រវើកនិងសេរី៕
រូបភាពពី PTI