(ប្រាទីស្លាវ៉ា)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋាភិបាលស្លូវ៉ាគីបានចោទប្រកាន់ទីក្រុងមូស្គូ អំពីការចូលលូកលាន់កិច្ចការបោះឆ្នោតរបស់ខ្លួន ដែលបានប្រព្រឹត្តទៅ កាលពីចុងសប្តាហ៍កន្លងទៅ ហើយបានមើលឃើញគណបក្ស ដែលសន្យាបញ្ចប់ការផ្តល់ជំនួយយោធាឱ្យអ៊ុយក្រែន ជាអ្នកទទួលជ័យជម្នះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣។

លោក រ៉ូបឺត ហ្វីកូ (Robert Fico) ទទួលបានសិទ្ធិកាលពីថ្ងៃចន្ទដើម្បីបង្កើតរដ្ឋាភិបាលថ្មី ក្រោយគណបក្សរបស់លោក ទទួលបានសំឡេងគាំទ្រនាំមុខគេបង្អស់ ជាមួយការសន្យាដែលបានបង្កើនក្តីកង្វល់ អំពីការចាប់ផ្តើមប្រេះឆានៃការគាំទ្ររបស់ក្រុមលោកខាងលិចសម្រាប់អ៊ុយក្រែន។ ការចោទប្រកាន់របស់ស្លូវ៉ាគីកើតមាន បន្ទាប់ពីនាយកចារកម្មបរទេសរបស់ទីក្រុងមូស្គូ បានអះអាងកាលពីមុនពេលបោះឆ្នោតថា គណបក្ស Progressive Slovakia ដែលមាននិន្នាការគាំទ្រអ៊ុយក្រែន គឺជាកូនអុករបស់សហរដ្ឋអាមេរិក។ គណបក្ស Progressive Slovakia ឈរនៅត្រឹមលេខ២ ក្នុងការបោះឆ្នោតជាមួយសំឡេងគាំទ្រ១៨ភាគរយ ធៀបនឹងសំឡេង២៣ភាគរយ នៃគណបក្ស Smer-SD របស់លោក Fico។

ក្រសួងការបរទេសស្លូវ៉ាគី បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «យើងចាត់ទុកការចែកចាយព័ត៌មានបំភ្លៃ ដោយចេតនាបែបនេះជា ជាសកម្មភាពជ្រៀតជ្រែករបស់សហព័ន្ធរុស្ស៉ី ក្នុងដំណើរការបោះឆ្នោតរបស់សាធារណរដ្ឋស្លូវ៉ាគី»។ កាលពីថ្ងៃចន្ទ ក្រសួងការបរទេសស្លូវ៉ាគី ក៏បានកោះហៅមន្រ្តីស្ថានទូតរុស្ស៉ី ហើយស្នើឱ្យទីក្រុងមូស្គូបញ្ឈប់សកម្មភាពបំភ្លៃព័ត៌មាន ដែលសំដៅមកលើ​ស្លូវ៉ាគីផងដែរ។ យ៉ាងណាមិញ ខាងទីក្រុងមូស្គូបានច្រានចោលការចោទប្រកាន់ខាងលើ ដោយនិយាយដូច្នេះថា «យើងមិនចូលលូកលាន់​កិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទេ ហើយយើងមិនធ្វើសកម្មភាពសំដៅប្តូររបបដឹកនាំឡើយ»

គួរបញ្ជាក់ថា អំលុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត លោក Fico បានប្តេជ្ញាថា ស្លូវ៉ាគីដែលជាសមាជិករបស់អង្គការណាតូ (NATO) នឹងលែងបញ្ជូនសព្វាវុធតទៀតហើយសូម្បីតែគ្រាប់រំសេវមួយគ្រាប់ ឱ្យទៅអ៊ុយក្រែន ហើយបានអំពាវនាវឱ្យពង្រឹងចំណងទាក់ទង​ជាមួយរុស្ស៉ីវិញ៕

រូបភាពពី AP