(វ៉ាស៉ីនតោន)៖ សមាជិកមួយរូបនៃសភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក ត្រូវបានចោរប្លន់យករថយន្ត កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ នៅខាងក្រៅលំនៅឋានរបស់លោកផ្ទាល់ ស្ថិតក្នុងទីក្រុងវ៉ាស៉ីនតោនឌីស៉ី ស្របពេលដែលចំនួនចោរប្រដាប់ដោយអាវុធ មានការកើនឡើងនៅក្នុងរដ្ឋធានីរបស់អាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣។
ការិយាល័យលោក ហេនរី គ្វេលឡា (Henry Cuellar) បានឱ្យដឹងថា តំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យ ដែលមកពីរដ្ឋតិចសាស់រូបនេះ ត្រូវបានក្រុមចោរប្រដាប់អាវុធក្នុងដៃ មានគ្នីគ្នាចំនួន៣នាក់ ធ្វើសកម្មភាពប្លន់យករថយន្ត ខណៈដែលរូបលោកកំពុងចតរថយន្ត។ សំណាងល្អ លោក Cuellar មិនបានរងរបួសអ្វីឡើយ ហើយខាងការិយាល័យលោក បានចេញសេចក្តីថ្លែងការណ៍អរគុណក្រុមប៉ូលិស សម្រាប់សកម្មភាពយ៉ាងរហ័សរហួសរបស់ពួកគេ និងការនាំយករថយន្តរបស់លោកតំណាងរាស្រ្ត ត្រឡប់មកវិញ។ យ៉ាងណាមិញ មិនទាន់ច្បាស់ថា មានការចាប់ខ្លួនណាមួយ ត្រូវបានធ្វើឡើងដែរឬអត់នោះទេ។
គួរបញ្ជាក់ថា យោងតាមប៉ូលិសប្រចាំទីក្រុងវ៉ាស៉ីនតោន រដ្ឋធានីរបស់សហរដ្ឋអាមេរិក បាននិងកំពុងមើលឃើញការកើនឡើងខ្ពស់ខ្លាំង នៃករណីប្លន់រថយន្ត ដោយនៅក្នុងឆ្នាំនេះ គិតមកទល់ឥឡូវ ករណីសរុប៧៥០ត្រូវបានរាយការណ៍ ហើយក្នុងនោះ៧៥ភាគរយ មានការប្រើប្រាស់កាំភ្លើង។ តួលេខនេះ គឺស្មើជិតទ្វេដងនៃចំនួនករណីប្លន់រថយន្ត ដែលត្រូវបានរាយការណ៍ អំលុងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ នៅទីក្រុងវ៉ាស៉ីនតោន៕
រូបភាពពី AP