(មូស្គូ)៖ កាសែតរុស្ស៉ី Kommersant បានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន ក្នុងពេលឆាប់ៗនេះ ប្រហែលជានឹងប្រកាសថា រូបលោកនឹងចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ដើម្បីត្រួសត្រាយផ្លូវឱ្យ លោក​អាចនៅបន្តកាន់អំណាចទៅមុខទៀត រហូតដល់ឆ្នាំ២០៣០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣។

ដោយផ្អែកលើប្រភពមិនបញ្ចេញអត្តសញ្ញាណ កាសែត Kommersant បាននិយាយថា អំលុងសន្និសីទមួយនៅខែវិច្ឆិកា ឆ្នាំនេះ ក្រុមមន្រ្តីរុស្ស៉ីសង្ស័យថា លោក ពូទីន ប្រហែលនឹងប្រកាសជាផ្លូវការអំពីការចូលរួមរបស់លោក នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលត្រូវប្រព្រឹត្តទៅនាខែមីនា ឆ្នាំក្រោយ។ យ៉ាងណាមិញ បើតាម Kommersant អាចមានសេណារីយ៉ូផ្សេងទៀត សម្រាប់អ្វីដែលលោក ពូទីន អាចនឹងធ្វើអំលុងសន្និសីទនោះ ហើយការសម្រេចចុងក្រោយ គឺស្ថិតលើលោកប្រធានាធិបតីរុស្ស៉ីទាំងស្រុង។ ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍​ព័ត៌មាននេះ វិមានក្រឹមឡាំងមិនទាន់ចេញមុខផ្តល់ការអត្ថាធិប្បាយនៅឡើយទេ។

គួរបញ្ជាក់ថា លោក ពូទីន ដែលបានឡើងជាប្រធានាធិបតីរុស្ស៉ីដំបូង ក្រោយការលាលែងពីតំណែងរបស់លោក បូរីស យេតស៉ីន (Boris Yeltsin) កាលពីចុងឆ្នាំ១៩៩៩ គឺជាមេដឹកនាំរុស្ស៉ីកាន់អំណាចបានយូរបំផុត គិតចាប់តាំងពីសម័យលោក ចូសេហ្វ ស្តាលីន (Josef Stalin) មក។ លោក ពូទីន នឹងឈានដល់វ័យ៧១ឆ្នាំ នៅថ្ងៃទី៧ ខែតុលា។ ស្របពេលដែលក្រុមអ្នកការទូត ចារជន និងមន្រ្តីបរទេស​ជាច្រើនរំពឹងថា លោក ពូទីន នឹងនៅបន្តកាន់អំណាចពេញមួយជីវិតក៏ដោយ មកទល់ពេលនេះ ពុំទាន់មានការបញ្ជាក់ណាមួយ អំពីផែនការ​របស់លោក ក្នុងការឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៉ី ឆ្នាំ២០២៤នៅឡើយទេ៕

រូបភាពពី AFP