(ប៉េកាំង)៖ ព្រឹកថ្ងៃទី២ខែតុលា នៅស្ថានីយ៍រថភ្លើងល្បឿនលឿនហាលីមនៃរដ្ឋធានីហ្សាការតា លោកJoko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីបានប្រកាសថា ផ្លូវរថភ្លើងល្បឿនលឿនហ្សាការតា- បាងឌុងដាក់ឱ្យដំណើរការជាផ្លូវការ ។ លោកJoko Widodoប្រធានាធិបតីឥណ្ឌូណេស៊ីបានដាក់ឈ្មោះផ្លូវរថភ្លើងល្បឿនលឿនហ្សាការតា- បាងឌុងថា "Whoosh" ក្នុងវប្បធម៌ឥណ្ឌូណេស៊ី អក្សរទាំង៦នេះគឺតំណាងឱ្យការសន្សំសំចៃពេលវេលា មានប្រសិទ្ធភាពនិងភាពជឿនលឿន នេះជាការបូកសរុបនិងពិពណ៌នាដ៏ល្អបំផុត ចំពោះផ្លូវរថភ្លើងល្បឿនលឿនហ្សាការតា- បាងឌុង ហើយផ្លូវរថភ្លើងល្បឿនលឿនហ្សាការតា- បាងឌុង នឹងក្លាយជានាមប័ណ្ណជាតិថ្មីរបស់ប្រទេសឥណ្ឌូណេស៊ី។
ក្នុងនាមជាផ្លូវរថភ្លើងល្បឿនលឿនទីមួយនៅតំបន់អាស៊ីអាគ្នេយ៍ ផ្លូវរថភ្លើងល្បឿនលឿនហ្សាការតា- បាងឌុងជាគម្រោងជានិមិត្តសញ្ញា នៃគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” ក៏ដូចជាកិច្ចសហប្រតិបតិ្តការជាក់ស្តែងរវាងចិននិងឥណ្ឌូណេស៊ី ។ ឆ្នាំនេះជាខួបទី១០នៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” ការដាក់ឱ្យដំណើរការនៃផ្លូវរថភ្លើងល្បឿនលឿនហ្សាការតា- បាងឌុង មិនត្រឹមតែធ្វើឱ្យ “ស្ពាន” ចំណងមិត្តភាពទ្វេភាគីចិននិងឥណ្ឌូណេស៊ី មានភាពកាន់តែធំទូលាយប៉ុណ្ណោះទេ ហើយក៏ជាគម្រោងគំរូក្នុងដំណើរអភិវឌ្ឍន៍នៃកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”ផងដែរ ដែលទទួលបានការទទួលស្គាល់ពីប្រទេសកាន់តែច្រើន ក៏ដូចជានាំមកនូវជំនឿចិត្តដល់ការពន្លឿនការរួមបញ្ចូលជាមួយគម្រោង “ខ្សែក្រវាត់និងផ្លូវ”។
គំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” បានសម្របទៅតាមតម្រូវការក្នុងយុគសម័យថ្មីនិងក្តីបំណងពន្លឿន ការអភិវឌ្ឍរបស់បណ្តាប្រទេសនានា ដែលបាននាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍យ៉ាងច្រើន ដល់ប្រទេសដែលចូលរួមកិច្ចសហប្រតិបតិ្តការ ហើយទទួលបានការឆ្លើយតបយ៉ាងទូលំទូលាយនិងកក់ក្តៅ ពីសំណាក់បណ្តាប្រទេសនានាផងដែរ ។ ខណៈពេលអញ្ជើញទៅទស្សនាពិព័រណ៍សមិទ្ធផល ដើម្បីអបអរសាទរខួបលើកទី១០ នៃការលើកឡើងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ប្រទេសកម្ពុជាទទួលបានផលប្រយោជន៍ជាក់ស្តែងពីកិច្ចសហប្រតិបតិ្តការ “ខ្សែក្រវាត់និងផ្លូវ” ប្រទេសចិនបានជួយកម្ពុជាសាងសង់ ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ជាច្រើន ការផ្គត់ផ្គង់នូវវត្ថុធាតុដើមប្រកបដោយភាពនឹងនររបស់ចិន បានធានាដល់ការនាំចេញរបស់កម្ពុជានិងឱកាសការងារ របស់មនុស្សរាប់លាននាក់ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជាក៏បានថ្លែងថា គំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” បានជំរុញថែមមួយកម្រិតទៀត នូវកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកម្ពុជានិងចិន ក៏ដូចជាបង្កើនការតភ្ជាប់គ្នារវាងប្រទេសនិងប្រទេស ហើយបានបំពេញបន្ថែមកម្លាំងចលករ និងកម្លាំងរស់រវើកថ្មីដល់ការអភិវឌ្ឍសេដ្ឋកិច្ចសកល។
ក្នុងរយៈពេល១០ឆ្នាំកន្លងមក ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ អំពីការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ជាង២០០ច្បាប់ជាមួយប្រទេសចំនួន១៥២ និងអង្គការអន្តរជាតិចំនួន៣២ ។ ក្នុងបរិបទដែលពិភពលោកបាននិងកំពុងឋិត ក្នុងបម្រែបម្រួលដ៏ខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំកន្លងទៅ ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចជួបប្រទះនឹងចរន្តបញ្ច្រាស ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានក្លាយជាវេទិកាអនុវត្តជាក់ស្តែង ដ៏សំខាន់សម្រាប់បង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ហើយបានត្រួសត្រាយផ្លួវមួយសម្រាប់ឱ្យបណ្តាប្រទេសនានា ដើរឆ្ពោះទៅកាន់វិបុលភាពរួម ។ សូមបញ្ជាក់ថា ពីឆ្នាំ២០១៣ដល់ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទំនិញរវាងចិននិងប្រទេសរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”បានកើនឡើងពី១,០៤ទ្រីលានដុល្លារអាមេរិក ដល់២,០៧ទ្រីលានដុល្លារអាមេរិក គិតជាមធ្យម ក្នុងមួយឆ្នាំៗបានកើនឡើង៨ភាគរយ។
របាយការណ៍សិក្សាស្រាវជ្រាវរបស់ធនាគារពិភពលោកបានលើកឡើងថា បើសិនជាគម្រោងសាងសង់ហេដ្ឋារចនាសម័្ពន្ធគមនាគមន៍ ក្នុងក្របខណ្ឌ “ខ្សែក្រវាត់និងផ្លូវ” អាចត្រូវបានអនុវត្តទាំងស្រុង នោះដល់ឆ្នាំ២០៣០ ប្រហែលនឹងនាំមកនូវផលកំរៃចំនួន១,៦ទ្រីលានដុលារអាមេរិក ដល់ពិភពលោកទាំងមូលជារៀងរាល់ឆ្នាំ ត្រូវជា១,៣ភាគរយនៃបរិមាណទូទៅនៃសេដ្ឋកិច្ចសកល ។ ក្រៅពីនេះ តាមការប៉ាន់ប្រមាណរបស់ធនាគារពិភពលោកឱ្យដឹងថា ដល់ឆ្នាំ២០៣០ គម្រោងសហប្រតិបតិ្តការ “ខ្សែក្រវាត់និងផ្លូវ” ត្រូវបានរំពឹងថា នឹងជួយប្រជាជនចំនួន៧លាន ៦សែននាក់នៅលើពិភពលោកទាំងមូលឱ្យរំដោះខ្លួនចេញពីភាពក្រីក្រកម្រិតខ្លាំង និងជួយប្រជាជនចំនួន៣២លាននាក់ ចេញផុតពីភាពក្រីក្រកម្រិតមធ្យម។
នៅប៉ុន្មានថ្ងៃខាងមុខ វេទិកាកំពូលស្តីពីកិច្ចសហប្រតិបតិ្តការអន្តរជាតិ “ខ្សែក្រវាត់និងផ្លូវ” លើកទីបីនឹងប្រារព្ធធ្វើនៅក្រុងប៉េកាំង វេទិកាលើកនេះមិនត្រឹមតែនឹងចង្អុលបង្ហាញទិសដៅ នៃកិច្ចសហប្រតិបតិ្តការអន្តរជាតិ “ខ្សែក្រវាត់និងផ្លូវ” នៅពេលអនាគតប៉ុណ្ណោះទេ ថែមទាំងក៏នឹងផ្តល់ឱកាសកាន់តែច្រើនដល់ប្រទេសផ្សេងទៀត នៅលើពិភពលោកដែលរីករាយធ្វើកិច្ចសហប្រតិបតិ្តការអន្តរជាតិ ជាបន្តបន្ទាប់ជាមួយប្រទេសចិនផងដែរ ។ ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងអស់រយៈពេល១០ឆ្នាំ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានក្លាយជាផលិតផលសាធារណៈអន្តរជាតិ ដែលទទួលការពេញនិយមយ៉ាងខ្លាំង និងជាវេទិកាសហប្រតិបតិ្តការអន្តរជាតិដែលមានទ្រង់ទ្រាយធំបំផុត កិច្ចសហប្រតិបតិ្តការ “ខ្សែក្រវាត់និងផ្លូវ” បានឈានចូលសម័យកាលមាស ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន