(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យរបស់លោក ម៉ាយ ក្រាប៉ូ (Mike Crapo) ដែលជាសមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ បានបញ្ជាក់ កាលពីថ្ងៃចន្ទសប្តាហ៍នេះថា សមាជិកព្រឹទ្ធសភាមួយក្រុម ដែលរួមទាំងមេដឹកនាំសំឡេងភាគច្រើន លោក ឈុក ស្គូមឺ (Chuck Schumer) មានផែនការ ធ្វើទស្សនកិច្ចប្រទេសចិន នៅសប្តាហ៍ក្រោយ ហើយអាចនឹងជួបលោកប្រធានាធិបតី ស៉ី ជិនពីង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Striats Times នៅថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣។
សមាជិកព្រឹទ្ធសភាមួយចំនួន មានបំណងចង់ជំរុញទំនាក់ទំនងជាមួយចិន និងចង់ដោះស្រាយបញ្ហាទាក់ទងនឹងពាណិជ្ជកម្មរវាងចិន-សហរដ្ឋអាមេរិក។ កាលពីខែកញ្ញា ការិយាល័យរបស់លោក ស្គូមឺ ធ្លាប់បានឲ្យដឹងថា លោក ស្គូមឺ កំពុងរៀបចំផែនការធ្វើដំណើរទៅកាន់ប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន ដែលដឹកនាំដោយលោក Crapo។ ប៉ុន្តែ មិនបានធ្វើអត្ថាធិប្បាយឡើងវិញទេកាលពីថ្ងៃចន្ទសប្តាហ៍នេះ។ រីឯស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានបដិសេធធ្វើការអត្ថាធិប្បាយលើផែនការនេះ។
គួរបញ្ជាក់ថា បើតាមរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក លោកស្រី ជីណា រ៉េយម៉ុនដូ (Gina Raimondo) ចំនួនអាជីវកម្មអាមេរិកកាន់តែច្រើន កំពុងតស៊ូធ្វើ ប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសចិន។ ការប្រាស្រ័យទាក់ទងគ្នារវាងមន្ត្រីអាមេរិក និងចិន ហាក់មានសកម្មភាពឡើងវិញក្នុងរយៈពេលប៉ុន្មាន ខែចុងក្រោយនេះ ដោយនាំមកនូវភាពប្រសើរឡើងនៃទំនាក់ទំនងដែលតានតឹងអស់ជាច្រើនឆ្នាំ លើបញ្ហាដូចជា តៃវ៉ាន់ ប្រភពដើមនៃជំងឺកូវីដ១៩ និងការចោទប្រកាន់ពីបទចារកម្មចិន៕
">រូបភាពពី AP