(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តលើការបញ្ជូនកងកម្លាំងចម្រុះជាតិសាសន៍ទៅកាន់ប្រទេសហៃទី ដើម្បីជួយដល់ រដ្ឋាភិបាលនៃប្រទេសក្នុងតំបន់ Caribbean មួយនេះ បញ្ឈប់ការរីករាលដាលនៃអំពើហិង្សាបង្កឡើងដោយពួកជនពាល។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣។

សមាជិកទាំង១៥ ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខ UN បានបោះឆ្នោតក្នុងសំឡេងគាំទ្រលើសលប់ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) ដោយក្នុងនោះមានប្រទេសចំនួន១៣ បានបោះឆ្នោតគាំទ្រដល់បេសកកម្មមួយដឹកនាំដោយប្រទេសកេនយ៉ា ក្នុងប្រទេសហៃទី។ ប្រទេសចំនួន២ គឺ រុស្ស៉ី និងចិន បានបោះឆ្នោតអនុប្បវាទ ដោយសំអាងពីការព្រួយបារម្ភពីភាពចលាចលក្នុងប្រទេសហៃទី បង្កឡើងដោយការលូកលាន់ពីបរទេស។

នាយករដ្ឋមន្ត្រីហៃទី លោក Ariel Henry បានស្នើសុំជំនួយពីអន្តរជាតិម្ដងហើយម្ដងទៀត អស់រយៈពេលជាងមួយឆ្នាំមកនេះចំពោះមុខការកើនឡើង នៃអំពើហិង្សាបង្កឡើងដោយពួកជនពាល ដែលបង្កទៅជាអសន្តិសុខយ៉ាងខ្លាំងក្នុងប្រទេសមួយនេះ។ UN បានវាយតម្លៃថាមនុស្ស៥.២លាននាក់ ឬស្មើនឹងជាងពាក់កណ្ដាលនៃប្រជាជនសរុបហៃទី បច្ចុប្បន្នកំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ ខណៈអំពើហិង្សាបានបង្ខំឱ្យមនុស្សជិត ២០០,០០០នាក់ ភៀសខ្លួន ហើយមនុស្ស ៣,០០០នាក់ត្រូវបានសម្លាប់ក្នុងឆ្នាំ២០២៣នេះ និងជាង ១,៥០០នាក់ផ្សេងទៀតត្រូវបានចាប់ពង្រត់ ដើម្បីជំរិតទារប្រាក់។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសហៃទី លោក Jean Victor Geneus បានបង្ហាញការសាទរដល់ការអនុម័តរបស់ក្រុមប្រឹក្សាសន្តិសុខ UN ភ្ជាប់ជាមួយ ការអំពាវនាវឱ្យបណ្ដាប្រទេសដទៃ ចូលរួមផងដែរ។ កាលពីខែកក្កដា ប្រទេសកេនយ៉ា បានស្ម័គ្រចិត្តដឹកនាំកងកម្លាំងអន្តរជាតិមួយ ដោយសន្យាថា នឹងដាក់ពង្រាយកងកម្លាំងប៉ូលិស ១,០០០នាក់ ដើម្បីជួយបណ្ដុះបណ្ដាល និងផ្ដល់ជំនួយនានាដល់ប៉ូលិសហៃទី។ ប្រទេសផ្សេងទៀតដូចជា ចាម៉ៃកា បាហាម៉ាស់ រួមទាំងប្រទេសអង់ទីហ្កា និងបាប៊ូដា (Antigua and Barbuda) ក៏បានសន្យាផ្ដល់ជំនួយដូចគ្នានេះដែរ៕

រូបភាពពី UN