(តៃប៉ិ)៖ ក្រុមរដ្ឋអាជ្ញាកោះតៃវ៉ាន់ នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថាពួកគេកំពុងធ្វើការស៊ើបអង្កេតមួយ ពាក់ព័ន្ធនឹងការចោទប្រកាន់ថាមានអ្នកព្យាយាម លូកលាន់ចូលក្នុងកម្មវិធីអភិវឌ្ឍនាវាមុជទឹករបស់តៃវ៉ាន់ និងការបែកធ្លាយព័ត៌មានរសើបៗដែលអាចនឹងបង្កជាការគំរាមកំហែងដល់សន្តិសុខ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣។
ឧត្តមនាវីឯក លោក Huang Shu-kuang ជាអ្នកដឹកនាំកម្មវិធីអភិវឌ្ឍនាវាមុជទឹក បានប្រាប់អ្នកសារព័ត៌មានកាលពីសប្ដាហ៍មុនថា សមាជិកសភាតៃវ៉ាន់ មួយចំនួន ដែលលោកមិនបានបញ្ជាក់ឈ្មោះ បានបង្កការលំបាកដល់ការបញ្ជាទិញសម្ភារៈសំខាន់ៗ ហើយថាមានអ្នកម៉ៅការម្នាក់ បានបរាជ័យក្នុងការផ្ដល់ ព័ត៌មានទៅឱ្យចិន។
ក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយ ការិយាល័យរដ្ឋអាជ្ញាតៃវ៉ាន់ បានលើកឡើងថាការចោទប្រកាន់របស់លោក Huang Shu-kuang បានទាក់ទាញចំណាប់អារម្មណ៍ យ៉ាងខ្លាំង ដ្បិតជារឿងពាក់ព័ន្ធនឹងសន្តិសុខ និងវិស័យការពារជាតិរបស់តៃវ៉ាន់។ ដូច្នេះខាងការិយាល័យរដ្ឋអាជ្ញាបានណែនាំឱ្យក្រុមរដ្ឋអាជ្ញារបស់ខ្លួន បើកការស៊ើបអង្កេតលើករណីនេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន សំដៅការពារសន្តិសុខ។
តៃវ៉ាន់ បានបញ្ចេញនាវាមុជទឹកផលិតនៅក្នុងស្រុកដំបូងបំផុតរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ជាការបោះជំហានមួយយ៉ាងធំក្នុងការពង្រឹង សមត្ថភាពការពារជាតិ ចំពោះមុខការកើនឡើងភាពតានតឹងជាមួយចិន៕
រូបភាពពី Bloomberg