(វ៉ាស៊ីនតោន)៖ សមាជិកសភាតំណាងរាស្ត្រអាមេរិកស្ដាំនិយមជ្រុលម្នាក់ នៅថ្ងៃចន្ទសប្ដាហ៍នេះបានចាប់ផ្ដើមដំណើរនីតិវិធីមួយ ដើម្បីបណ្ដេញប្រធាន សភាតំណាងរាស្ត្រ លោក Kevin McCarthy ចេញពីតំណែង បន្ទាប់ពីលោកជួយសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីបញ្ចៀសការបិទដំណើររដ្ឋាភិបាលសហរដ្ឋអាមេរិក ឬ showdown។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣។

លោក Matt Gaetz ជាសមាជិកសភាតំណាងរាស្ត្រអាមេរិកម្នាក់ មកពីគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Florida បានចាប់ផ្ដើមនីតិវិធីរបស់លោក ជាមួយ ការបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូច្នេះថា «លោក McCarthy មិនទទួលបានការគាំទ្រពីខ្ញុំទៀតនោះទេ ហើយលោកក៏នឹងមិនទទួលបានការគាំទ្រគ្រប់គ្រាន់ ពីអ្នកសាធារណរដ្ឋ ដើម្បីបន្តអង្គុយលើកៅអីជាប្រធានសភាតំណាងរាស្ត្រសាធារណរដ្ឋនោះដែរ»

គួរបញ្ជាក់ថា ការចាប់ផ្ដើមដំណើរការនីតិវិធីដកតំណែងប្រធានសភាតំណាងរាស្ត្ររបស់លោក Matt Gaetz គឺជារឿងកម្រមួយ ប៉ុន្តែដំណើរការនេះតម្រូវឱ្យ មានការគាំទ្រសំឡេងភាគច្រើនធម្មតាប៉ុណ្ណោះ ដើម្បីរៀបចំការបោះឆ្នោតសម្រេចមួយនៅប៉ុន្មានថ្ងៃខាងមុខ និងកើតឡើងបន្ទាប់ពីលោក McCarthy ជួយ សម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងស្ដីពីកញ្ចប់ថវិកាបណ្ដោះអាសន្នមួយ ដើម្បីបញ្ចៀស shutdown។

សមាជិកសភាតំណាងរាស្ត្រសាធារណរដ្ឋស្ដាំនិយមជ្រុលមួយចំនួន ដូចជាលោក Matt Gaetz បានខឹងសម្បារយ៉ាងខ្លាំង និងសន្យាបើកនីតិវិធី ដកតំណែងលោក McCarthy ចាប់តាំងពីកិច្ចព្រមព្រៀងនេះត្រូវបានអនុម័ត៕

រូបភាពពី The Hill