(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានច្រានចោលការលើកឡើងដោយវិមានក្រឹមឡាំងដែលថាការនឿយណាយ របស់លោកខាងលិចក្នុងការផ្ដល់ជំនួយសម្រាប់អ៊ុយក្រែន នឹងកើនឡើងកាន់តែខ្លាំង បន្ទាប់ពីកិច្ចព្រមព្រៀងបញ្ចៀស Shutdown របស់រដ្ឋាភិបាលអាមេរិក មិនបានរាប់បញ្ចូលឡើយនូវជំនួយយោធាថ្មីផ្ដល់ឱ្យទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក៏បានសន្យាដែរថាសហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលអ៊ុយក្រែនឡើយ បើទោះ ជាកំពុងប្រឈមមុខនឹងវិបត្តិថវិកាសហព័ន្ធ ឬ Shutdown ក៏ដោយ។ ជាថ្មីម្ដងទៀត ក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ ព្យែរ (Karine Jean-Pierre) បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើលោក ពូទីន គិតថាលោកអាចទ្រាំទ្របានយូរជាងពួកយើង នោះលោកកំពុងគិត ខុសហើយ»។ លោកស្រីបន្ថែមថាការគំាទ្ររបស់ក្រុមចម្រុះលោកខាងលិចគឺមានទំហំធំធេងដើម្បីជួយអ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងមួយស្ដីពីកញ្ចប់ថវិកាបណ្ដោះអាសន្ន អនុម័តដោយសភាអាមេរិក បញ្ចៀសការបិទផ្នែកខ្លះនៃរដ្ឋាភិបាលសហព័ន្ធ មិនមានកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែននោះទេ ដែលនេះជាផ្នែកមួយនៃការសម្រុះសម្រួលគ្នារវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ដើម្បីអាចឱ្យរដ្ឋាភិបាលអាចបន្តដំណើរការរហូតដល់ខែវិច្ឆិកា។

លោក ចូ បៃដិន បានបង្ហាញក្ដីរំពឹងថា សភាអាមេរិកនឹងអនុម័តកញ្ចប់ថវិកាថ្មីដាច់ដោយឡែកមួយសម្រាប់អ៊ុយក្រែន នៅប៉ុន្មានថ្ងៃ ឬសប្ដាហ៍ខាងមុខ ខណៈទីក្រុងកៀវកំពុងធ្វើប្រតិបត្តិការវាយបក ដើម្បីដណ្ដើមទឹកដីរបស់ខ្លួនដែលទាហានរុស្ស៉ីកំពុងកាន់កាប់មកវិញ៕

រូបភាពពី AFP