(កៀវ)៖ ប្រមុខការទូតអ៊ុយក្រែន បាននិយាយនៅថ្ងៃចន្ទនេះថា ការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោនចំពោះទីក្រុងកៀវគឺមិនថមថយនោះទេ និងលើកឡើងអំពីសារសំខាន់នៃការអនុម័តច្បាប់ថវិកាបណ្តោះអាសន្ន របស់ព្រឹទ្ធសភាអាមេរិកដែលនាំទៅដល់ ការដកចេញនូវជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីទ្រី គូឡេបា (Dmytro Kuleba) បាននិយាយថា ទីក្រុងកៀវកំពុងពិភាក្សាជាមួយ គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យនៅសភាសហរដ្ឋអាមេរិក ហើយថាភាពចម្រូងចម្រាស ជុំវិញច្បាប់កញ្ចប់ថវិកាបណ្តោះអាសន្ន ដែលបញ្ចៀសការរដ្ឋាភិបាលអាមេរិក កាលពីថ្ងៃសៅរ៍សប្តាហ៍មុនគឺជា «ឧប្បត្តិហេតុមួយ» ជាជាងបញ្ហាដែលមានលក្ខណៈជាប្រព័ន្ធ។

លោក គូឡេបា បានបញ្ជាក់ថា «យើងគ្មានអារម្មណ៍ថាការ គាំទ្ររបស់សហរដ្ឋអាមេរិកត្រូវបានបំផ្លាញ ទេ... ពីព្រោះបើរឿងបែបនោះកើតឡើង គឺមានបញ្ហាធំជាងសម្រាប់អ៊ុយក្រែនទៅទៀត។ នោះគឺជាស្ថិរភាព និងការព្យាកររបស់ពិភពលោក ដូច្នេះខ្ញុំជឿថាយើងអាចស្វែងរកដំណោះស្រាយបាន»

គួរបញ្ជាក់ថា ការផ្តល់ជំនួយយោធារបស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀតមានសារៈសំខាន់ណាស់សម្រាប់អ៊ុយក្រែន ក្នុងការទប់ទល់ចំពោះការឈ្លានពានរបស់រុស្ស៉ីគិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក៕

រូបភាពពី AFP