(ប៉េកាំង)៖ ពិណជាឧបករណ៍ភ្លេងប្រពៃណីរបស់ចិន នៅសម័យរជ្ជកាលហាននិងរជ្ជកាលថាង ឧបករណ៍ភ្លេងនេះបាននាំចេញទៅដល់ប្រទេសជាច្រើនតាមរយៈផ្លូវសូត្រ ទន្ទឹមនឹងពេលវេលាបានរំកិលទៅមុខ យូរៗទៅបានក្លាយជាពិណខុសៗគ្នា ដែលប្រកបដោយលក្ខណៈពិសេសរៀងខ្លួនរបស់ជនជាតិនានា ។

ក្នុងអំឡុងព្រឹតិ្តការណ៍ប្រកួតកីឡាអាស៊ីក្រុង Hang Zhou អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានផលិតវីដេអូឃ្លីបបទភ្លេង «ចិត្តភ្ជាប់ចិត្ត» ដែលជាភ្លេងប្រធានបទរបស់ការប្រកួតកីឡាអាស៊ី ដែលបានប្រមូលផ្តុំជាលើកដំបូង នូវពិណរបស់ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ម៉ុងហ្គោលីនិងវៀតណាម សិល្បករនៃប្រទេសអាស៊ីទាំង៥បានរួមគ្នាប្រគុំពិណ ដែលបង្ហាញឱ្យឃើញនូវភាពចុះសម្រុងគ្នា នៃការប្រកួតកីឡាអាស៊ី វាមិនត្រឹមតែបានលើកទឹកចិត្តដល់ អត្តពលិកក្នុងការប្រកួតប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញពីក្តីបំណងរួមរបស់ប្រជាជន នៃបណ្តាប្រទេសអាស៊ីនានាក្នុងការស្វែងរក មិត្តភាពនិងសន្តិភាពផងដែរ ។
នេះជាលើកទីមួយហើយដែលពិណនៃប្រទេសអាស៊ីទាំង៥ ប្រគុំបទភ្លេងតែមួយជាមួយគ្នា។ តន្ត្រីនេះមានទំនុកសំខាន់ ប្រកបដោយលក្ខណៈពិសេសរបស់ជនជាតិ នៅតំបន់ Zhe Jiang ហើយបានរួមបញ្ចូលនិងបង្ហាញឱ្យឃើញ នូវលក្ខណៈពិសេសនិងសិល្បៈប្រគុំរបស់ពិណនៃប្រទេសនានា។

ការសម្រួលតន្ត្រីដ៏រស់រវើកបានបង្ហាញឱ្យឃើញនូវលក្ខណៈពិសេសនៃតំបន់ Jiang Nan ប្រទេសចិន ចង្វាក់ភ្លេងប្រកបដោយយុវវ័យបញ្ចេញ នូវចង្វាក់យុគសម័យថ្មី ដែលបានបង្ហាញឱ្យឃើញនូវរចនាបថទីក្រុង Hang Zhou ដែលបានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនូវអរិយធម៌បុរាណនិងអរិយធម៌សម័យទំនើប៕

អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន