(បែរឡាំង)៖ រដ្ឋមន្រ្តីការបរទេសកូសូវ៉ូបានលើកឡើងថា ការប្រមូលផ្តុំកម្លាំងយោធារបស់ស៊ែប៊ី នៅក្បែរតំបន់ព្រំប្រទល់ជាមួយកូសូវ៉ូ បានធ្វើឱ្យនឹកឃើញដល់សកម្មភាពរុស្ស៉ី ដែលមានលក្ខណៈស្រដៀងគ្នា មុនពេលឈ្លានពានលើអ៊ុយក្រែន ហើយបានទទូចឱ្យសហភាពអឺរ៉ុប (EU) ចាត់វិធានការចំពោះទីក្រុងប៊ែលហ្រ្កាដ ដូចជាព្យួរឋានៈជាបេក្ខភាពសមាជិក EU ជាដើម។ នេះបើតាមការចញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣។
ការចោទប្រកាន់ខាងលើកើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិក បានព្រមានកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ខ្លួនកំពុងតាមដានសកម្មភាពប្រមូលផ្តុំកម្លាំងយោធា ក្នុងទ្រង់ទ្រាយធំដែលគួរឱ្យបារម្ភរបស់ស៊ែប៊ី នៅតាមបណ្តោយព្រំដែនជាប់កូសូវ៉ូ ហើយបានអំពាវនាវឱ្យប៊ែលហ្រ្កាដ ដកកម្លាំងយោធាទាំងនោះ ដែលរួមមានទាំង រថក្រោះនិងកាំភ្លើងធំទំនើបៗ ចេញពីតំបន់ព្រំដែនវិញ។ ទន្ទឹមគ្នា អង្គការណាតូ (NATO) ក៏បានសម្រេចថា នឹងបង្កើនវត្តមានកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន នៅសាធារណរដ្ឋកូសូវ៉ូផងដែរ។
ថ្លែងក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការបរទេសកូសូវ៉ូ លោកស្រី ដូនីកា ហ្គេវ៉ាឡា-ឆ្វាស (Donika Gervalla-Schwarz) បានអះអាងថា ស៊ែប៊ីមិនត្រឹមតែប្រមូលផ្តុំកម្លាំងយោធាទ្រង់ទ្រាយធំប្លែកប៉ុណ្ណោះទេ ប៉ុន្តែក៏បានប្រើវោហារសាស្រ្ត ក៏ដូចជាវិធីសាស្រ្ត ដែលស្រៀងគ្នាទៅនឹងអាកប្បកិរិយារបស់រុស្ស៉ីចំពោះអ៊ុយក្រែន កាលពីមុនពេលសង្រ្គាមឈ្លានពានផ្ទុះឡើងផងដែរ។ លោកស្រី Gervalla-Schwarz បានសង្កត់ធ្ងន់ដូច្នេះថា «ដូច្នេះហើយទើបវាជារឿងសំខាន់ខ្លាំងណាស់ ក្នុងការចាត់វិធានការនានា ដែលចាំបាច់»។
ប្រធានាធិបតីស៊ែប៊ី លោក អាឡិចសាន់ដា វូឈីគ (Aleksandar Vucic) បានអះអាងកាលពីចុងសប្តាហ៍កន្លងទៅថា រូបលោកពុំមានបំណងបញ្ជូនកងកម្លាំងប្រទេសលោក ឱ្យឆ្លងព្រំដែនចូលទៅកូសូវ៉ូឡើយ ក្រោមហេតុផលថា ការធ្វើយ៉ាងដូច្នោះនឹងធ្វើឱ្យប៉ះពាល់ កិច្ចប្រឹងប្រែងរបស់ទីក្រុងប៊ែលហ្រ្កាដ ដើម្បីក្លាយជាសមាជិករបស់ EU។
គួរបញ្ជាក់ថា កូសូវ៉ូគឺជាអតីតខេត្តនៅភាគខាងត្បូងរបស់ស៊ែប៊ី ហើយស៊ែប៊ីមិនទទួលស្គាល់ឯករាជ្យរបស់កូសូវ៉ូនោះទេ។ កូសូវ៉ូបានប្រកាសឯករាជ្យពីស៊ែប៊ី នៅឆ្នាំ២០០៨។ កូសូវ៉ូចោទស៊ែប៊ីថា ផ្តល់ការគាំទ្រនិងជួយបំពាក់អាវុធឱ្យ ក្រុមសកម្មប្រយុទ្ធស៊ែប៊ី នៅក្នុងទឹកដីរបស់ខ្លួន ខណៈខាងស៊ែប៊ីចោទទៅវិញថា កូសូវ៉ូខ្លួនផ្ទាល់គឺជាអ្នកជំរុញឱ្យមានអំពើហិង្សា ដោយសារបរាជ័យក្នុងការអនុវត្តកិច្ចព្រមព្រៀង ដែលផ្តល់ស្វ័យភាពដល់ជនជាតិស៊ែប៊ី រស់នៅតំបន់មួយនៃភាគខាងជើងកូសូវ៉ូ ជាទីដែលពួកគេជាជនជាតិភាគច្រើន៕
រូបភាពពី AP