(គូឡាឡាំពួរ)៖ ផ្អែកលើប្រភពពីឧបនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក អាម៉ាត់ ហ្សាហ៉ីត ហាមីឌី (Ahmad Zahid Hamidi) ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គណៈរដ្ឋមន្រ្តីរបស់ម៉ាឡេស៉ីអាចនឹងត្រូវរុះរើឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣។

សារព័ត៌មាន Bernama បានដកស្រង់សម្តីរបស់ លោក ហ្សាហ៉ីត ដែលលើកឡើងថា «ការុះរើគណៈរដ្ឋមន្រ្តីនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗ ខាងមុខនេះ»។ ហេតុផលមួយក្នុងចំណោមហេតុផលផ្សេងទៀត សម្រាប់ការរុះរើគណៈរដ្ឋមន្ត្រីនេះ គឺដើម្បីតែងតាំងរដ្ឋមន្រ្តីទទួលបន្ទុក ពាណិជ្ជកម្មក្នុងស្រុកនិងជីវភាពរស់នៅប្រជាជនថ្មី ក្រោយមរណភាពរបស់រដ្ឋមន្ត្រីមុនគឺ លោក សាឡាហ៊ូឌីន អាយូប (Salahuddin Ayub) កាលពីខែកក្កដា។

គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម ក៏ធ្លាប់បង្ហើបឲ្យដឹងពីគំនិតរុះរើគណៈរដ្ឋមន្រ្តីដែរ កាលពីសប្តាហ៍មុន។ មានការរំពឹងទុកយ៉ាងខ្លាំងអំពីការផ្លាស់ប្តូរក្នុងក្រសួងពាក់ព័ន្ធមួយចំនួន៕

រូបភាពពី Bernama