(គែរ)៖ នៅថ្ងៃចន្ទនេះ គ្រោះអគ្គិភ័យធំមួយបានឆាបឆេះអគារទីស្នាក់ការប៉ូលិស ក្នុងទីក្រុងអ៉ីសម៉ាយលៀ (Ismailia) នៃប្រទេសអេហ្ស៉ីប ហើយបើតាមក្រសួងសុខាភិបាលអេហ្ស៉ីប មនុស្សយ៉ាងហោច៣៨នាក់បានរងរបួស មុនពេលអគ្គិភ័យនោះ ត្រូវបានពន្លត់ដោយជោគជ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣។

ពុំទាន់មានមនុស្សស្លាប់ត្រូវបានរាយការណ៍នៅឡើយទេ ប៉ុន្តែអគារទីស្នាក់ខាងលើគឺពេញទៅដោយមន្រ្តីប៉ូលិស នៅពេលអគ្គិភ័យបានកើតមានឡើង នៅវេលាមុនព្រឹកព្រលឹម។ ទម្រាំតែក្រុមភ្នាក់ងារសង្រ្គោះនិងពន្លត់អគ្គិភ័យដំបូងគេទៅដល់កន្លែងកើតហេតុ គឺភ្លើងបានឆាបឆេះអគារ​ទាំងស្រុង។ មកទល់ពេលព្រឹក អគារទាំងមូលបានប្រែពណ៌ទៅជាខ្មៅ។ អាជ្ញាធរអេហ្ស៉ីប មិនទាន់បានចេញសេចក្តីថ្លែងការណ៍ អំពីចំនួនប៉ូលិសនិងអ្នកជាប់ឃុំឃាំង ដែលស្ថិតក្នុងអគារនោះឡើយ។ បើតាមក្រសួងសុខាភិបាលអេហ្ស៉ីប ក្នុងចំណោមអ្នករងរបួស ២៦នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ សម្រាប់មូលហេតុដែលបង្កឱ្យមាន​គ្រោះអគ្គិភ័យ គឺមិនទាន់ត្រូវបានដឹងច្បាស់ទេ។

គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០២២ គ្រោះអគ្គិភ័យមួយ ដែលបង្កឡើងដោយការឆ្លងចរន្តអគ្គិសនី បានផ្តាច់ជីវិតមនុស្សចំនួន៤១នាក់ នៅព្រះវិហារមួយកន្លែងក្នុងរដ្ឋធានីគែរ។ ហេតុការណ៍នោះ បានជំរុញឱ្យមានការអំពាវនាវកែលម្អប្រព័ន្ធសុវត្ថិភាព នៃហេដ្ឋារចនាសម្ព័ន្ធរបស់​ប្រទេសអេហ្ស៉ីប ក៏ដូចជាល្បឿននៃការឆ្លើយតបរបស់ក្រុមពន្លត់អគ្គិភ័យ។ រីឯកាលពីខែមីនា ឆ្នាំ២០២១ មនុស្សយ៉ាងហោច២០នាក់ បានស្លាប់ក្នុង​គ្រោះអគ្គីភ័យនៅរោងចក្រកាត់ដេរមួយ ក្នុងទីក្រុងគែរ ខណៈនៅឆ្នាំ២០២០ ករណីឆេះមន្ទីរពេទ្យ ២កន្លែង បានផ្តាច់ជីវិតមនុស្ស១៤នាក់៕

រូបភាពពី AFP