(ហ្សាការតា)៖ នៅថ្ងៃចន្ទនេះ ប្រទេសឥណ្ឌូណេស៉ីបានបើកដំណើរការជាផ្លូវការ ផ្លូវរថភ្លើងល្បឿនលឿនដំបូងបង្អស់ប្រចាំតំបន់អាស៉ីអាគ្នេយ៍ ដែលជាគម្រោងតម្លៃពាន់លានដុល្លារ ក្រោមការជួយគាំទ្រពីប្រទេសចិន ហើយត្រូវបានប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) សាទរថាជា និមិត្តរូបមួយនៃការធ្វើទំនើបកម្ម របស់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣។

ជាមួយល្បឿនអតិបរមា៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង រថភ្លើងល្បឿនលឿន Whoosh អាចរត់ទៅមករវាងរដ្ឋធានីហ្សាការតា និងទីក្រុងបានឌុង (Bandung) ក្នុងរយៈពេលត្រឹមតែ ៤៥នាទីប៉ុណ្ណោះ ខណៈការធ្វើដំណើរ ដែលមានចម្ងាយសរុប១៤០គីឡូម៉ែត្រនេះ ពីមុនមកធ្លាប់ប្រើពេលវេលារហូតដល់ខ្ទង់៣ម៉ោង តាមរយៈរថភ្លើងធម្មតា។ លោក Widodo បានអះអាងថា រថភ្លើងខាងលើដែលអាចផ្ទុកអ្នកដំណើរបាន ៦០០នាក់ គឺជារថភ្លើងល្បឿនលឿនដំបូងគេបង្អស់់នៅអាស៉ីអាគ្នេយ៍។

គួរបញ្ជាក់ថា គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ គឺជាផ្នែកនៃកិច្ចផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិន។ វាត្រូវបានសាងសង់ដោយ​ក្រុមហ៊ុន PT KCIC ដែលរួមផ្សំឡើងពីក្រុមហ៊ុនរដ្ឋឥណ្ឌូណេស៉ីចំនួន៤ ហើយនិងក្រុមហ៊ុន China Railway International Co. របស់ទីក្រុងប៉េកាំង។ គម្រោងនេះពីដំបូងឡើយ ត្រូវបានកំណត់គោលដៅថា នឹងចំណាយថវិកាក្រោម៥ពាន់លានដុល្លារ ហើយសម្រេចជា​ស្ថាពរនៅត្រឹមឆ្នាំ២០១៩ ប៉ុន្តែការពន្យារពេលដោយសារ​បញ្ហាប្រឈមនៃដំណើរការសាងសង់ បូករួមជាមួយវិបត្តិជំងឺកូវីដ១៩ បាននាំឱ្យថវិកាដែលត្រូវចំណាយ កើនឡើងខ្ពស់៕

">

រូបភាពពី Bloomberg