(យូអិន)៖ បេសកកម្មមួយរបស់អង្គការសហប្រជាជាតិ (UN) បានទៅដល់តំបន់ Nagorno-Karabakh អំឡុងពេលដែលប្រជាជនអាមេនី យ៉ាងច្រើនកំពុងភៀសខ្លួន ចេញពីតំបន់នេះ ក្រោយជ័យជម្នះរបស់អាស៊ែបៃហ្សង់កាលពីខែកញ្ញា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣។
អ្នកនាំពាក្យរបស់ប្រធានាធិបតីអាស៊ៃបៃហ្សង់ បានឲ្យដឹងថា បេសកកម្ម UN បានមកដល់តំបន់នេះកាលពីព្រឹកថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) ដោយមានគោលដៅចម្បង លើការវាយតម្លៃពីតម្រូវការមនុស្សធម៌។ បេសកកម្មដែលដឹកនាំដោយមន្ត្រីផ្តល់ជំនួយជាន់ខ្ពស់ UN គឺជាដំណើរការលើកដំបូងរបស់ស្ថាប័នពិភពលោក សម្រាប់តំបន់នេះក្នុងរយៈពេលប្រហែល ៣០ឆ្នាំ។
ក្រុមបំបែកខ្លួនអាមេនី ដែលបានគ្រប់គ្រងតំបន់នេះអស់រយៈពេល ៣ទសវត្សរ៍ បានយល់ព្រមរំសាយអាវុធ និងរំលាយរដ្ឋាភិបាលរបស់ពួកគេ ហើយធ្វើសមាហរណកម្ម ជាមួយអាស៊ៃបៃហ្សង់។ ប៉ុន្តែ ស្ទើរតែទាំងអស់នៃអ្នកស្រុក Karabakh ដែលមានប្រហែល ១២០,០០០នាក់បាននាំគ្នាចាកចេញពីទឹកដីនេះ ដោយបង្កឲ្យមានវិបត្តិ ជនភៀសខ្លួន។ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា ប្រជាជនអាមេនីជាង ១០០,០០០នាក់ហើយ មកពីតំបន់ Nagorno-Karabakhបានធ្វើដំណើរចូលទៅក្នុងប្រទេសអាមេនី។
គួរបញ្ជាក់ថា អាមេនីជាប្រទេសដែលមានប្រជាជនចំនួន ២.៨លាននាក់ ត្រូវប្រឈមមុខនឹងបញ្ហាដ៏ធំពីការហូរចូលនៃជនភៀសខ្លួនភ្លាមៗ និងត្រូវបានរាយការណ៍ថា កំពុងស្នើសុំជំនួយពីសហភាពអឺរ៉ុប។ សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងសង្គមអឌ្ឍចន្ទក្រហម កាលពីថ្ងៃសុក្រសប្តាហ៍មុន បានអំពាវនាវជាបន្ទាន់រកថវិកាចំនួន ២២លានដុល្លារ សម្រាប់ជួយដល់អ្នកដែលភៀសខ្លួន៕
រូបភាពពី AFP