(កៀវ)៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសេព បូរ៉ែល (Josep Borrell) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ថា EU នឹងបង្កើនជំនួយយោធាសម្រាប់អ៊ុយក្រែន បន្ទាប់ពីមានភាពចម្រូងចម្រាសក្នុងសភាអាមេរិកលើការអនុម័តច្បាប់ថវិកាបណ្តោះអាសន្ន ដែលបានឈានទៅដល់ ការដកចេញនូវជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣។

លោក បូរ៉ែល បានប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុងកៀវ យ៉ាងដូច្នេះថា «ទោះជាមានការគំរាមកំហែងធំសម្រាប់អឺរ៉ុប ប៉ុន្តែគម្រោងផែនការនៅលើតុបង្ហាញថា EU ចង់បង្កើនជំនួយយោធាដល់អ៊ុយក្រែន»។ នៅពេលត្រូវបានសាកសួរអំពីការបោះឆ្នោតក្នុងសភាអាមេរិក លោក បូរ៉ែល បាននិយាយថា «សូមរង់ចាំមើលថាតើនឹងមាន អ្វីកើតឡើង ប៉ុន្តែពីខាងយើង (សហភាពអឺរ៉ុប) យើងនឹងបន្ត ហើយបង្កើនការគាំទ្រថែមទៀត»

លោក បូរ៉ែល បានបន្ថែមថា « អ៊ុយក្រែនកំពុងប្រយុទ្ធដោយភាពក្លាហាន និងពេញដោយសមត្ថភាព។ ប្រសិនបើសហភាពអឺរ៉ុបចង់ឲ្យពួកគេទទួលបានជោគជ័យ ជាងនេះ យើងត្រូវតែផ្តល់ឲ្យពួកគេនូវអាវុធកាន់តែប្រសើរ និងក្នុងទំហំធំជាងមុន»

គួរបញ្ជាក់ថា ការបញ្ជាក់របស់លោក បូរ៉ែល ធ្វើឡើងបន្ទាប់ពីបានជួបរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក Rustem Umerov ព្រមជាមួយនិងការបង្ហាញថាជំនួយ យោធារបស់ EU គ្របដណ្តប់លើកាំភ្លើងធំ និងគ្រាប់រំសេវ ប្រព័ន្ធការពារដែនអាកាស ប្រព័ន្ធរ៉ាដា ក៏ដូចជាកម្មវិធីជំនួយរយៈពេលវែង ការបណ្តុះបណ្តាល និងធ្វើឲ្យប្រសើរឡើងក្នុងឧស្សាហកម្មការពារជាតិអ៊ុយក្រែន៕

រូបភាពពី AFP