(បែរឡាំង)៖ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ អាល្លឺម៉ង់បានបង្ហាញការស្វាគមន៍ចំពោះការគាំទ្ររបស់ចិនលើក្របខណ្ឌនៃការពន្យារពេលសងបំណុលរបស់ G20 សម្រាប់ប្រទេសក្រីក្រ បន្ទាប់ពីមានកិច្ចសន្ទនាផ្នែកហិរញ្ញវត្ថុនៅទីក្រុងហ្វេ្រងហ្វឺត (Frankfurt) កាលពីចុងសប្តាហ៍កន្លងទៅនេះ។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Times Of India នៅថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣។

ក្រោយជួបឧបនាយករដ្ឋមន្ត្រីចិន ហឺ លីហ្វេង (He Lifeng) រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក គ្រីស្ទៀន ឡាញនឺ (Christian Lindner) បានបញ្ជាក់ថា «យើង សូមស្វាគមន៍ចំពោះការពិតដែលថាភាគីចិន ក៏បានប្តេជ្ញាចិត្តចំពោះរឿងនេះនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់យើង ពីព្រោះដំណោះស្រាយគឺមិនអាចទៅរួចទេ ដោយគ្មានចិនដែលជាតួអង្គសំខាន់នៅក្នុងនយោបាយពិភពលោក»

យ៉ាងនេះក្តី មិនមានការបញ្ជាក់លម្អិតអំពីច្បាប់សម្រាប់ផែនការពន្យារពេលសងបំណុលនោះទេ ហើយសេចក្តីថ្លែងការណ៍រួមក៏មិនបានផ្តល់ព័ត៌មានជាក់លាក់ដែរ។ បើតាមលោក ឡាញនឺ កិច្ចប្រជុំនេះបានធ្វើឡើងចំពេលដែលអាល្លឺម៉ង់ចង់ពង្រឹងតួនាទីរបស់ខ្លួនបន្ថែមទៀត ក្នុងនាមជាមជ្ឈមណ្ឌលសេវាកម្មហិរញ្ញវត្ថុ មួយសម្រាប់តំបន់អឺរ៉ុប។

គួរបញ្ជាក់ថា ប្រទេសមួយចំនួន តួយ៉ាងអាល្លឺម៉ង់ បានអះអាងថា ដោយសារតែចិនជាម្ចាស់បំណុលធំជាងគេរបស់ប្រទេសជាច្រើនដែលមានបំណុល ខ្ពស់នៅតំបន់អាហ្រ្វិក និងអាស៉ី ទីក្រុងប៉េកាំងគួរតែធ្វើសម្បទានដើម្បីពន្លឿនការពន្យារពេលសងបំណុលសម្រាប់ប្រទេសក្រីក្រ៕

រូបភាពពី Bloomberg