(ព្រុចសែល)៖ បក្សសម្ព័ន្ធយោធា NATO បានឱ្យដឹងថាទាហានអង់គ្លេស ៦០០នាក់ នឹងត្រូវបានដាក់ពង្រាយទៅកាន់សាធារណរដ្ឋកូសូវ៉ូ ដើម្បីពង្រឹង វត្តមានរបស់ NATO នៅក្នុងអតីតខេត្តរបស់ស៊ែរប៊ីមួយនេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយអាវុធផ្ទុះឡើងកាលពីពេលថ្មីៗនេះ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣។
ទាហានអង់គ្លេសដែលមកពីកងកម្លាំងបម្រុង ត្រូវបានដាក់ពង្រាយបន្ថែមឱ្យចូលរួមជាមួយ KFOR ដែលជាកងកម្លាំងរក្សាសន្តិភាពមួយដឹកនាំដោយ NATO នៅកូសូវ៉ូ ដើម្បីជួយដោះស្រាយស្ថានការណ៍ និងភាពតានតឹងក្នុងតំបន់។ តាមការឱ្យដឹងពីអ្នកនាំពាក្យ NATO លោក Dylan White អង់គ្លេស បាន និងកំពុងដាក់ពង្រាយទាហាន ២០០នាក់បន្ថែម ឱ្យចូលរួមជាមួយទាហានអង់គ្លេស ៤០០នាក់ កំពុងស្ថិតនៅលើទឹកដីកូសូវ៉ូស្រាប់។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់បន្ថែមដូច្នេះថា «ការសម្រេចចិត្តនេះធ្វើឡើង ក្រោយមានការវាយប្រហារលើប៉ូលិសកូសូវ៉ូ កាលពីថ្ងៃទី២៤ ខែកញ្ញា និងដោយសារតែការកើនឡើងភាពតានតឹងក្នុងតំបន់។ ប៉ុន្តែ មិនបាននិយាយអ្វីឡើយ ពាក់ព័ន្ធនឹងការព្រមានមួយរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ សប្ដាហ៍មុនពីការកើនឡើងនៃចំនួនកងទ័ពរបស់ស៊ែរប៊ី នៅតាមតំបន់ព្រំដែនជាប់កូសូវ៉ូ។
គួរបញ្ជាក់ថា NATO ជាថ្មីម្ដងទៀត កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានអំពាវនាវឱ្យមានការរក្សាភាពស្ងប់ស្ងាត់ និងស្នើឱ្យស៊ែរប៊ី រួមទាំង កូសូវ៉ូ ចាប់ផ្ដើមកិច្ចសន្ទនាឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះជាមធ្យោបាយតែមួយគត់ដើម្បីសម្រេចបាននូវសន្តិភាព៕