(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃចន្ទ ទី២ ខែតុលានេះបានថ្កោលទោសទីភ្នាក់ងារឃ្លាំមើលថាមពលអាតូមិករបស់អង្គការសហប្រជាជាតិ សម្រាប់ ការចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការដាក់សម្ពាធ និងរៀបចំដំណោះស្រាយមួយ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន ដោយចាត់ទុក ទីភ្នាក់ងារនេះជាអ្នកនាំពាក្យរបស់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post។

អ្នកនាំពាក្យមិនបញ្ចេញអត្តសញ្ញាណម្នាក់ មកពីក្រសួងឧស្សាហកម្មថាមពលនុយក្លេអ៊ែរកូរ៉េខាងជើង បានចេញផ្សាយសេចក្ដីថ្លែងការណ៍មួយ ដោយរិះគន់ដំណោះស្រាយមួយ ដែលត្រូវបានអនុម័តឡើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅឯសន្និសីទរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ឬហៅកាត់ថា IAEA ក្នុងគោលដៅរឹតត្បិតលើកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

អ្នកនាំពាក្យរូបនេះដដែល បានចាត់ទុកថាដំណោះស្រាយនេះគឺជាការសមគំនិតគ្នារវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ជាមួយការសង្កត់ធ្ងន់ថា ឋានៈជារដ្ឋអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺមិនអាចកែប្រែបានជាដាច់ខាត ព្រមទាំងបានចោទប្រកាន់ទៀតផងថានាយក IAEA លោក Rafael Grossi កំពុងបង្កើតបរិយាកាសដាក់សម្ពាធលើកូរ៉េខាងជើង តាមរយៈការសាបព្រោះព័ត៌មានក្លែងក្លាយពីគម្រោងធ្វើតេស្ដ អាវុធនុយក្លេអ៊ែរមួយក្នុងពេលឆាប់ៗខាងមុខ។

គួរបញ្ជាក់ថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA មិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងប្រទេសកូរ៉េខាងជើងឡើយ ចាប់តាំងពីព្យុងយ៉ាង បណ្ដេញមន្ត្រីអធិការកិច្ចនៃទីភ្នាក់ងារមួយនេះចេញពីប្រទេសក្នុងឆ្នាំ២០០៩ ហើយក្រោយមកបានចាប់ផ្ដើមធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឡើងវិញ៕

រូបភាពពី AFP