(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បាននិយាយនៅថ្ងៃអាទិត្យនេះថា មិនមានផែនការភ្លាមៗក្នុងការដាក់ពង្រាយអ្នកហ្វឹកហាត់យោធា នៅក្នុងប្រទេសអ៊ុយក្រែននោះទេ ដោយបានច្រានចោលការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការពារជាតិរបស់លោក ដែលថា លោកចង់ចាប់ផ្តើមហ្វឹកហ្វឺនកងទ័ពអ៊ុយក្រែននៅក្នុងប្រទេសរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣។

មកទល់ពេលនេះ អង់គ្លេស និងសម្ព័ន្ធមិត្តបានបញ្ចៀសវត្តមានយោធាជាផ្លូវការនៅអ៊ុយក្រែន ដើម្បីកាត់បន្ថយហានិភ័យនៃជម្លោះផ្ទាល់ជាមួយរុស្ស៊ី។

រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Grant Shapps ដែលត្រូវបានតែងតាំងឱ្យកាន់តំណែងកាលពីខែមុន បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Sunday Telegraph ថា លោកចង់ដាក់ពង្រាយគ្រូបង្វឹកយោធានៅក្នុងប្រទេសអ៊ុយក្រែន បន្ថែមពីលើការបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅចក្រភពអង់គ្លេស ឬប្រទេសលោកខាងលិចផ្សេងទៀត។

ប៉ុន្មានម៉ោងបន្ទាប់ពីបទសម្ភាសន៍នោះត្រូវបានផ្សព្វផ្សាយ លោក Sunak ដែលជានាយករដ្ឋមន្ត្រីបាននិយាយថា មិនមានគម្រោងភ្លាមៗក្នុងការបញ្ជូនទាហានអង់គ្លេសទៅកាន់អ៊ុយក្រែននោះទេ។

លោក Sunak បានប្រាប់អ្នកយកព័ត៌មាននៅពេលចាប់ផ្តើម នៃសន្និសីទប្រចាំឆ្នាំរបស់គណបក្សអភិរក្ស ដែលកំពុងកាន់អំណាចនៅទីក្រុង Manchester ដូច្នេះថា «អ្វីដែលរដ្ឋមន្ត្រីការពារជាតិបាននិយាយ គឺថា វាអាចទៅរួចនៅថ្ងៃណាមួយនាពេលអនាគតសម្រាប់ពួកយើង ..»

លោកបានសង្កត់ធ្ងន់ថា «ប៉ុន្តែវាជារឿងយូរអង្វែង មិនមែននៅទីនេះ និងឥឡូវនេះទេ។ គ្មានទាហានអង់គ្លេសណាម្នាក់នឹងត្រូវបញ្ជូនទៅប្រយុទ្ធក្នុងជម្លោះបច្ចុប្បន្ននេះទេ»។

គួរបញ្ជាក់ថា អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ នៅថ្ងៃអាទិត្យនេះដែរបានព្រមានថា ទាហានអង់គ្លេសណាក៏ដោយ ដែលហ្វឹកហាត់កងកម្លាំងអ៊ុយក្រែននៅអ៊ុយក្រែន នឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងរុស្ស៊ី។

ចក្រភពអង់គ្លេសបានផ្តល់វគ្គបណ្តុះបណ្តាលយោធារយៈពេលប្រាំសប្តាហ៍ សម្រាប់ជនជាតិអ៊ុយក្រែនប្រហែល ២០,០០០នាក់កាលពីឆ្នាំមុន ហើយមានបំណងបណ្តុះបណ្តាលចំនួនស្រដៀងគ្នានេះនាពេលអនាគត៕

រូបភាពពី AP