(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យនេះថា បានអនុញ្ញាតឱ្យមានសកម្មភាពភេរវកម្មប្រឆាំង នឹងគុយបាកើតឡើងនៅលើទឹកដីអាមេរិក ដោយនិយាយថា ការវាយប្រហារនាពេលថ្មីៗនេះ លើស្ថានទូតគុយបាក្នុងទីក្រុងវ៉ាស៊ីនតោន គឺជាលទ្ធផលនៃ «សកម្មភាពប្រឆាំងគុយបាដ៏គួរឱ្យស្អប់ខ្ពើម» ដោយចេតនារបស់អាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកបានធ្វេសប្រហែសក្នុងការធានាសុវត្ថិភាពនៃបេសកកម្មគុយបា ហើយគ្រាន់តែចង់ដាក់ប្រទេសដែលខ្លួនមិនចូលចិត្ត ដូចជាគុយបា ទៅក្នុងបញ្ជីប្រទេសដែលគាំទ្រអំពើភេរវកម្ម។
ក្រៅពីប្រទេសគុយបា កូរ៉េខាងជើង ស៊ីរី និងអ៊ីរ៉ង់ ក៏ស្ថិតក្នុងបញ្ជីប្រទេសដែលគាំទ្រអំពើភេរវកម្ម របស់ក្រសួងការបរទេសអាមេរិកផងដែរ។
កាលពីថ្ងៃទី ២៤ ខែកញ្ញាកន្លងទៅ អ្នកវាយប្រហារម្នាក់បានវាយប្រហារស្ថានទូតគុយបា ដោយគ្រាប់បែកចំនួន ២ គ្រាប់។ ប៉ុន្តែគ្មាននរណាម្នាក់រងរបួស និងមិនមានការខូចខាតអ្វីធំដុំនោះទេ។
អ្នកនាំពាក្យកូរ៉េខាងជើងបានចាត់ទុកឧបទ្ទវហេតុនេះជា «ការវាយប្រហារភេរវកម្មធ្ងន់ធ្ងរ» ដោយបន្ថែមថា វាមានគំរូនៃឧប្បត្តិហេតុក្នុងឆ្នាំ ២០២០ នៅឯស្ថានទូតដូចគ្នា ដែលពេលនោះមានជនម្នាក់បានបាញ់កាំភ្លើងចូលទៅក្នុងអាគារ។
គួរបញ្ជាក់ថា បន្ទាប់ពីគុយបាបានស្តារទំនាក់ទំនងការទូតជាមួយអាមេរិកក្នុងឆ្នាំ២០១៥ ស្ថានទូតបានបើកដំណើរការឡើងវិញ។ ទីក្រុង Havana និយាយថា ទីក្រុងវ៉ាស៊ីនតោនមិនសមហេតុផលក្នុងការដាក់គុយបាចូលក្នុងបញ្ជីភេរវកម្ម និងរក្សាការហ៊ុមព័ទ្ធសេដ្ឋកិច្ចក្នុងសម័យសង្គ្រាមត្រជាក់៕
រូបភាពពី AP