(អង់ការ៉ា)៖ អាជ្ញាធរតួកគីបាននិយាយថា ភេរវករពីរនាក់បានធ្វើការវាយប្រហារដោយគ្រាប់បែកនៅមុខអគារក្រសួងមហាផ្ទៃតួកគី ក្នុងរដ្ឋធានីអង់ការ៉ា មុនពេលបើកកិច្ចប្រជុំសភានៅថ្ងៃអាទិត្យនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០២៣។
ការផ្ទុះនេះបានកើតឡើង ប៉ុន្មានម៉ោងមុនពេលសភាគ្រោងនឹងបើកឡើងវិញ បន្ទាប់ពីការសម្រាករដូវក្តៅរយៈពេល ៣ខែ ដោយប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan គ្រោងនឹងថ្លែងទៅកាន់សមាជិកសភានៅព្រឹកថ្ងៃអាទិត្យនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក Ali Yerlikaya បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា មន្ត្រីប៉ូលិសពីរនាក់បានរងរបួសស្រាលក្នុងឧបទ្ទវហេតុនៅវេលាម៉ោង ០៩និង៣០នាទីព្រឹក នាថ្ងៃអាទិត្យ ទី០១ តុលានេះ។ ជនវាយប្រហារបានមកដល់កន្លែងកើតហេតុ នៅក្នុងរថយន្តពាណិជ្ជកម្មធុនស្រាលមួយ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Yilmaz Tunc បាននិយាយថា ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមទៅលើអ្វីដែលលោកហៅថា «ការវាយប្រហារភេរវកម្ម»។
អាជ្ញាធរប៉ូលីស បានបិទផ្លូវចូលទៅកាន់កណ្តាលទីក្រុង និងបង្កើនវិធានការសន្តិសុខយ៉ាងតឹងរ៉ឹង។ ទោះជាយ៉ាងណា អាជ្ញាធរមិនបានកំណត់អត្តសញ្ញាណក្រុមសកម្មប្រយុទ្ធជាក់លាក់ណាមួយនៅឡើយទេ៕
រូបភាពពី AP