(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ប៉ុន្តែបានអំពាវនាវឱ្យសភាទាំង២របស់សហរដ្ឋអាមេរិក អនុម័តភ្លាមៗលើកញ្ចប់ជំនួយយោធាសម្រាប់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៣។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក ចូ បៃដិន បានគូសបញ្ជាក់ដូច្នេះថា «យើងមិនអាចស្ថិតនៅក្រោមកាលៈទេសៈណាមួយដែលអនុញ្ញាតឱ្យការគាំទ្របស់ សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ត្រូវបានរារាំងស្ទះនោះទេ»។ លោកបន្ថែមថា «ខ្ញុំរំពឹងយ៉ាងពេញទំហឹងថាប្រធានសភាតំណាងរាស្ត្រនឹងរក្សាពាក្យសន្យា របស់លោកចំពោះប្រជាជនអ៊ុយក្រែន និងធានាឱ្យបាននូវការអនុម័តការគាំទ្រចាំបាច់នានា ដើម្បីជួយអ៊ុយក្រែននៅក្នុងពេលវេលាដ៏សំខាន់នេះ»។
គួរបញ្ជាក់ថា សភាសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា (ម៉ោងនៅវ៉ាស៊ីនតោន) បានអនុម័តកញ្ចប់ថវិកាបណ្ដោះអាសន្នមួយ ដោយមានការគាំទ្រ យ៉ាងលើសលប់ពីតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ សំដៅបញ្ចៀសការបិទផ្នែកខ្លះនៃរដ្ឋាភិបាលសហព័ន្ធ។
នៅក្នុងការបោះឆ្នោតកាលពីថ្ងៃសៅរ៍ ព្រឹទ្ធសភាអាមេរិកដឹកនាំដោយគណបក្សប្រជាធិបតេយ្យ បានបោះឆ្នោតអនុម័តកញ្ចប់ថវិកាបណ្ដោះអាសន្ន ក្នុងសំឡេង គាំទ្រ ៨៨ ទល់៩សំឡេងជំទាស់ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលសហព័ន្ធជាលើកទី៤ ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ និងត្រូវបានចុះហត្ថលេខាដោយ លោក ចូ បៃដិន។
មុនការបោះឆ្នោតនៅព្រឹទ្ធសភា សភាតំណាងរាស្ត្រអាមេរិកក៏បានបោះឆ្នោតអនុម័តលើកញ្ចប់ថវិកាខាងលើផងដែរ ក្នុងសំឡេងគាំទ្រ ៣៣៥ ទល់នឹង ៩១សំឡេងជំទាស់ ដើម្បីទម្លាក់កញ្ចប់ថវិកាឱ្យរដ្ឋាភិបាលសហព័ន្ធបន្តដំណើរការពេញលេញ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា៕
">
រូបភាពពី AFP