(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម នៅថ្ងៃអាទិត្យ ទី១ ខែតុលានេះបានទទួលស្គាល់ថារដ្ឋាភិបាលទីក្រុងហាណូយ ពិតជាបានចាប់ខ្លួនអ្នកជំនាញ ថាមពលម្នាក់ប្រាកដមែន ហើយដែលការចាប់ខ្លួននេះត្រូវបានរាយការណ៍ដំបូងដោយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ក្នុងទីក្រុងហាណូយ កាលពីខែកញ្ញាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រុមអ្នកការពារសិទ្ធិមនុស្សមួយ បានរាយការណ៍កាលពីខែកញ្ញាថា លោកស្រី ងូ ថី ថូញៀន (Ngo Thi To Nhien) ដែលជានាយកប្រតិបត្តិនៃគំនិតផ្ដួចផ្ដើម វៀតណាមសម្រាប់ការផ្លាស់ប្ដូរថាមពល (Vietnam Initiative for Energy Transition) មានមូលដ្ឋានក្នុងទីក្រុងហាណូយ ត្រូវបានអាជ្ញាធរវៀតណាម ចាប់ខ្លួន ដោយភ្លាមៗនៅពេលនោះមិនទាន់មានការទទួលស្គាល់ជាផ្លូវការនោះទេ។

លោកស្រី ថូញៀន ក៏ជាអ្នកស្រាវជ្រាវម្នាក់ដែលបានធ្វើការជាមួយស្ថាប័នអន្តរជាតិធំៗជាច្រើនផងដែរ ក្នុងនោះរួមមានទាំងធនាគារពិភពលោក (World Bank) សហភាពអឺរ៉ុប អង្គការសហប្រជាជាតិ និងធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank)។ រហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ទើបប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋវៀតណាម បានប្រកាសជាផ្លូវការថាប៉ូលិសទទួលបានដីការចាប់ខ្លួនលោកស្រី កាលពីថ្ងៃ២០ ខែកញ្ញាកន្លងទៅនេះជុំវិញការចោទប្រកាន់ពាក់ព័ន្ធ នឹងការកាន់កាប់ឯកសារមួយចំនួនដោយខុសច្បាប់។

អ្នកនាំពាក្យរដ្ឋាភិបាលវៀតណាម លោក ថូ អាន់ ហ្សូ (To An Xo) បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយដូច្នេះថា «ទីភ្នាក់ងារស៊ើបអង្កេតសន្តិសុខ នៃប៉ូលិសទីក្រុងហាណូយ...ទទួលបានដីកាចាប់ខ្លួនលោកស្រី Ngo Thi To Nhien»។ ដូច្នេះប្រសិនបើពិតជាត្រូវបានចោទប្រកាន់ជាផ្លូវការណាមួយមែន នោះ លោកស្រីអាចនឹងត្រូវប្រឈមមុខជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ខណៈមនុស្ស ២នាក់ផ្សេងទៀតក៏ត្រូវបានចាប់ខ្លួនផងដែរ។

គួរបញ្ជាក់ថា លោកស្រី Ngo Thi To Nhien បានក្លាយជាអ្នកជំនាញធ្វើការពាក់ព័ន្ធនឹងបរិស្ថានទី៦ ដែលត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន នៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។ ការទទួលស្គាល់ពីការចាប់ខ្លួនអ្នកជំនាញរូបនេះកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីវៀតណាមផ្ដន្ទាទោសសកម្មជន ការពារបរិស្ថានម្នាក់ឈ្មោះ Hoang Thi Minh Hong ពីបទគេចវេសមិនបង់ពន្ធ ដោយបង្កឱ្យមានការរិះគន់ពីអន្តរជាតិ៕

រូបភាពពី Facebook