(មូស្គូ)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក Dmitry Medvedev បាននិយាយថាទីក្រុងមូស្គូ អាចនឹងកាត់យកទឹកដីអ៊ុយក្រែនបន្ថែមទៀត ខណៈលោកប្រារព្ធខួប មួយឆ្នាំ ចាប់តាំងពីវិមានក្រឹមឡាំងកាត់បញ្ចូលតំបន់ចំនួន៤ របស់អ៊ុយក្រែនជាទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៣។

ទីក្រុងមូស្គូ បានកាត់បញ្ចូលតំបន់ចំនួន ៤របស់ខ្លួនអ៊ុយក្រែន ក្នុងនោះរួមមាន Donetsk, Lugansk, Zaporizhzhia និងតំបន់ Kherson ជាទឹកដីរបស់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០២២ ហើយក៏បានរៀបចំការបោះឆ្នោតជាច្រើនក្នុងតំបន់ទាំង៤នេះកាលពីខែកញ្ញាកន្លងទៅនេះផងដែរ។ ប៉ុន្តែ មកទល់នឹងពេលនេះ រុស្ស៉ី មិនទាន់អាចគ្រប់គ្រងតំបន់ទាំង៤នេះទាំងស្រុងនៅឡើយទេ ខណៈអ៊ុយក្រែនកំពុងប្រតិបត្តិការវាយបកដណ្ដើមយកទឹកដីរបស់ខ្លួនមកវិញ។

ថ្លែងនាឱកាសប្រារព្ធខួបមួយឆ្នាំ នៃការកាត់យកទឹកដីអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា លោក Medvedev បានគូសបញ្ជាក់ដូច្នេះថា «ប្រតិបត្តិការយោធាពិសេស នឹងបន្តធ្វើឡើង រហូតដល់របបណាហ្ស៉ី ក្នុងទីក្រុងកៀវត្រូវបានបំផ្លាញទាំងស្រុង។ ជ័យជម្នះគឺជារបស់ពួកយើង ហើយនឹងមាន តំបន់ជាច្រើនបន្ថែមទៀតត្រូវកាត់បញ្ចូលជាកម្មសិទ្ធិរបស់រុស្ស៉ី»

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក៏ធ្លាប់បានលើកឡើងនៅក្នុងអំឡុងសុន្ទរកថាប្រារព្ធខួបមួយឆ្នាំនៃការកាត់យកតំបន់ទាំង៤របស់អ៊ុយក្រែន ដែរថាជា «ជម្រើសជាប្រវត្តិសាស្ត្រ» របស់ប្រជាជនកំពុងរស់នៅក្នុងតំបន់ទាំងនេះ ដែលមានបំណងចង់រួបរួមជាមួយរុស្ស៉ី។ ប៉ុន្តែ អ៊ុយក្រែន និងលោកខាងលិច បានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើមួយនេះដែលពួកគេហៅថាជាការរំលោភបំពានធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ៕

រូបភាពពី AFP