(វ៉ាស៊ីនតោន)៖ សភាសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ទី៣០ ខែកញ្ញានេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានអនុម័តកញ្ចប់ថវិកាបណ្ដោះអាសន្នមួយ ដោយមាន ការគាំទ្រយ៉ាងលើសលប់ពីតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ សំដៅបញ្ចៀសការបិទផ្នែកខ្លះនៃរដ្ឋាភិបាលសហព័ន្ធ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៣។
កញ្ចប់ថវិកាបណ្ដោះអាសន្នខាងលើ ត្រូវបានអនុម័ត បន្ទាប់ពីប្រធានសភាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ លោក Kevin McCarthy យល់ព្រម ថយមួយជំហាន ពាក់ព័ន្ធនឹងការអំពាវនាវមួយចំនួននៃសមាជិកតំណាងរាស្ត្រប្រកាន់ជំហរតឹងរ៉ឹងក្នុងគណបក្សរបស់លោក។ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃសៅរ៍ ព្រឹទ្ធសភាអាមេរិកដឹកនាំដោយគណបក្សប្រជាធិបតេយ្យ បានបោះឆ្នោតអនុម័តកញ្ចប់ថវិកាបណ្ដោះអាសន្ន ក្នុងសំឡេងគាំទ្រ ៨៨ ទល់៩សំឡេងជំទាស់ ដើម្បី បញ្ចៀសការបិទរដ្ឋាភិបាលសហព័ន្ធជាលើកទី៤ ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ដោយបញ្ជូនបន្តទៅឱ្យប្រធានាធិបតី លោក ចូ បៃដិន ចុះហត្ថលេខាឱ្យ កា្លយជាច្បាប់ នៅមុនម៉ោង ១២៖០១នាទីយប់ឈានចូលថ្ងៃអាទិត្យ ទី១ ខែតុលា (ម៉ោនៅវ៉ាស៊ីនតោន) ដែលជាថ្ងៃផុតកំណត់។
គួរបញ្ជាក់ថា មុនការបោះឆ្នោតនៅព្រឹទ្ធសភា សភាតំណាងរាស្ត្រអាមេរិកក៏បានបោះឆ្នោតអនុម័តលើកញ្ចប់ថវិកាខាងលើផងដែរ ក្នុងសំឡេងគាំទ្រ ៣៣៥ ទល់នឹង ៩១សំឡេងជំទាស់ ដើម្បីទម្លាក់កញ្ចប់ថវិកាឱ្យរដ្ឋាភិបាលសហព័ន្ធបន្តដំណើរការពេញលេញ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា៕
រូបភាពពី AP