(រ៉ូម)៖ ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីតាលី បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា អាមេនីបានស្នើសុំជំនួយពីសហភាពអឺរ៉ុប (EU) ដើម្បីជួយដោះស្រាយបញ្ហាជនភៀសខ្លួនមកពី Nagorno-Karabakh ក្រោយអាស៊ៃបៃហ្សង់ដណ្តើមបានតំបន់នោះមកវិញកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ បើតាមប្រធានទីភ្នាក់ងារទទួលបន្ទុកជភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) ជនភៀសខ្លួនច្រើនជាង ១០០,០០០នាក់បានទៅដល់អាមេនី។ សេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីតាលីបញ្ជាក់ថា អាមេនីបានស្នើសុំ EU នូវជម្រកបណ្តោះអាសន្ន និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ដោយបន្ថែមថាទីក្រុងរ៉ូមក៏កំពុងធ្វើការដើម្បីជួយលើកកម្ពស់ស្ថិរភាពនៅក្នុងតំបន់។

គួរបញ្ជាក់ថា កន្លងមក Nagorno-Karabakh ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយនៃទឹកដីរបស់អាស៊ៃបៃហ្សង់ ប៉ុន្តែមានជនជាតិអាមេនីរស់នៅភាគច្រើន៕