(ប៊ុយដាផេស)៖ ក្រសួងការពារជាតិប្រទេសរូម៉ានី បានឲ្យដឹងថា មានសញ្ញានៃការរំលោភលើដែនអាកាសរបស់ខ្លួន អំឡុងការវាយប្រហារដោយយន្តហោះដ្រូនរបស់រុស្ស៉ីពេញមួយយប់ថ្ងៃសុក្រទៅលើហេដ្ឋារចនាសម្ពន្ធស៉ីវិលអ៊ុយក្រែនដែលនៅជិតខាងនឹងគ្នា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣។
ក្រសួងការពារជាតិរូម៉ានី បានបញ្ជាក់ថា ប្រព័ន្ធឃ្លាំមើលរ៉ាដារបស់កងទ័ពរ៉ូម៉ានី កំណត់បាននូវការរំលោភបំពានលើដែនអាកាសជាតិជាមួយនិងសញ្ញាឆ្ពោះទៅកាន់ទីក្រុងហ្កាឡាទី (Galati)។ រហូតមកដល់ពេលនេះមិនទាន់រកឃើញបំណែកណាមួយធ្លាក់លើទឹកដីរូម៉ានីនៅឡើយទេ ហើយការស្វែងកំពុងបន្តនៅថ្ងៃសៅរ៍នេះ។
កន្លងមក ក្រុមមន្ត្រីអង្គការណាតូ និងរូម៉ានី បាននិយាយថា មិនមានភស្តុតាងណាមួយបង្ហាញថា ការវាយប្រហាររបស់រុស្ស៉ីនៅជិតព្រំដែនគឺជាការវាយប្រហារដោយចេតនាលើរូម៉ានីទេ ប៉ុន្តែចាត់ទុកការវាយប្រហារបែបនេះថាគ្មានភាពប្រុងប្រយ័ត្ន និងបង្កអស្ថិរភាព។
គួរបញ្ជាក់ថា ក្រោយដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅនៅពាក់កណ្តាលខែកក្កដា រុស្ស៉ីបានចាប់ផ្តើមវាយប្រហារលើកំពង់ផែ និងឃ្លាំងស្តុករបស់អ៊ុយក្រែនឆ្លងកាត់ទន្លេដានូប (Danube) កាត់តាមរូម៉ានីដែលជាផ្លូវនាំចេញជំនួសដ៏សំខាន់។ បំណែកនៃយន្តហោះដ្រូនរុស្ស៉ី ត្រូវបានរកឃើញលើទឹកដីរូម៉ានីចំនួន ៣លើកដាច់ដោយឡែកពីគ្នានៅក្នុងខែកញ្ញានេះ ដែលបង្ហាញពីហានិភ័យផ្នែកសន្តិសុខ ខណៈសមាជិកណាតូបានប្តេជ្ញាចិត្តការពារគ្នាទៅវិញទៅមក៕
">រូបភាពពី ELBIT SYSTEMS