(ប៉េកាំង)៖ ថ្ងៃទី២៩ ខែកញ្ញានេះ ជាបុណ្យសែនព្រះខែដែលជាពិធីបុណ្យប្រពៃណីរបស់ប្រជាជនចិន។ រាប់ពាន់ឆ្នាំកន្លងមក បុណ្យសែនព្រះខែបានបង្កប់នូវបំណងប្រាថ្នាដ៏ល្អបវរចំពោះសាមគ្គីភាព ភាពសុខសាន្ត និងបង្ហាញពីសេចក្ដីនឹករំលឹកចំពោះ ស្រុកកំណើតនិងសាច់ញាតិ។

លោក Xi Jinping  មេដឹកនាំកំពូលប្រទេសចិនតែងតែលើកឡើងពីស្រុកកំណើតរបស់ខ្លួន កាលពីខែកញ្ញាឆ្នាំ២០១៣  ពេលថ្ងៃបុណ្យសែនព្រះខែ  ក្នុងសាលប្រជុំនៅសាកលវិទ្យល័យNazarbayev ប្រទេសកាហ្សាក់ស្ថាន សុន្ទរកថាមួយស្តីពី “រួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចតាមផ្លូវសូត្រ ” ត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ។ នៅទីនេះ លោក Xi Jinping   បានរៀបរាប់ទៅកាន់លោកគ្រូ អ្នកគ្រូនិងនិស្សិតថា៖ «ស្រុកកំណើតរបស់ខ្ញុំនៅខេត្តស្រានស៊ី គឺស្ថិតនៅចំណុចចាប់ផ្តើមនៃផ្លូវសូត្របុរាណ។ ឈរនៅទីនេះ រំលឹកពីប្រវត្តិសាស្ត្រឡើងវិញ ខ្ញុំមានអារម្មណ៍ថាស្និតស្នាលណាស់។»

ខេត្តស្រានស៊ីជាស្រុកកំណើតរបស់លោក Xi Jinping លោកធ្លាប់ធ្វើការនៅទីនោះជាច្រើនឆ្នាំ។ កាលពីចុងទសវត្សរ៍ឆ្នាំ ១៩៦០ លោកបានទៅធ្វើជាកសិករនៅភូមិតូចមួយឈ្មោះ Liangjiahe នៃក្រុង Yan`an បានចំណាយរយៈពេល៧ឆ្នាំនៅទីនោះ។ លោកបានឃ្លាតឆ្ងាយពីក្រុមគ្រួសារ សម្រាកនៅក្នុងផ្ទះរូង ឃ្វាលពពែ ជម្រះស្មៅ និងដឹកជញ្ជូនធ្យូងថ្មជាមួយអ្នកភូមិ។ នាខែតុលាឆ្នាំ១៩៧៥ មុនចាកចេញពីភូមិ Liangjiahe លោក Xi Jinping បានប្រាប់បងប្អូនអ្នកភូមិថា ៖ «ខ្ញុំចេញដំណើរពីទីនេះ ត្រឡប់ទៅទីក្រុងវិញ។ អ្វីដែលភូមិ  Liangjiahe បានបង្រៀននិងផ្តល់ឱ្យខ្ញុំ ខ្ញុំមិនអាចបំភ្លេចបានឡើយក្នុងមួយជីវិតនេះ។»

ជាង ៣០ឆ្នាំបានកន្លងផុតទៅ កាលពីឆ្នាំ ២០១៣ លោក Xi Jinping ដែលបានក្លាយជាមេដឹកនាំជាតិ បានបំពេញទស្សនកិច្ចនៅប្រទេសកូស្តារីកា លោកបានទៅលេងនៅផ្ទះកសិករមួយ ហើយបានរំលឹកឡើងពីប្រវត្តិដែលធ្លាប់ធ្វើកសិករនៅភូមិ Liangjiahe ជាពិសេស។ «កម្រមានថ្នាក់ដឹកនាំប្រទេសមួយដែលមានមោទនភាព ចំពោះអតីតកាលខ្លួនដែលធ្លាប់ធ្វើកសិករអ៊ីចឹងណាស់។»  កូនប្រុសរបស់ម្ចាស់ផ្ទះបាននិយាយថា ៖ «មេដឹកនាំប្រទេសដទៃប្រហែល មិនលើកឡើងពីអតីតកាលបែបនេះទេ ប៉ុន្តែលោក Xi Jinping មិនអ៊ីចឹងទេ។»

មិនថាអង្គុយសំណេះសំណាលក្នុងទីធ្លាផ្ទះកសិកររបស់ប្រទេសកូស្តារីកា  ឬឈរលើវេទិកាថ្លែងសុន្ទរកថានៅរដ្ឋវ៉ាស៊ីនតោនសហរដ្ឋអាមេរិក  ឬក៏អញ្ជើញចូលរួមវេទិកាស្តីពីការកាត់បន្ថយភាពក្រីក្រនិងការអភិវឌ្ឍន៍ ឬមួយក៏ធ្វើជាអធិបតីភាពក្នុងកិច្ចប្រជុំសន្ទនាជាន់ខ្ពស់ នៃការអភិវឌ្ឍសកល... លោក Xi Jinping តែងលើកឡើងពីអតីតកាលដែលលោកធ្លាប់ធ្វើការនៅភូមិ Liangjiahe ដោយបាននិយាយថា៖ «តើការនឹកស្រុកមានន័យថាម៉េច? គឺពេលដែលអ្នកបានចាកចេញពីកន្លែងមួយនេះ ហើយតែងតែនឹករំលឹកកន្លែងមួយណឹង។»

ស្រុក Zhengding ខេត្ត Hebei  ជា “ស្រុកកំណើត” មួយទៀតដែលលោក Xi Jinping តែងនឹករលឹក។ នារដូវផ្ការីកឆ្នាំ១៩៨២ លោក Xi Jinping បានជ្រើសរើសទៅធ្វើការនៅស្រុកZhengding ខេត្ត Hebei  ដែលជាតំបន់ក្រីក្រ។ ក្នុងរយៈពេលបីឆ្នាំធ្វើការនៅទីនេះ លោកខិតខំធ្វើការតាមមូលដ្ឋាន ហើយបានធ្វើការងារបែបបង្កើតថ្មីជាច្រើន។  លោកធ្លាប់សរសេរក្នុងអត្ថបទមួយថា៖ «Zhengding ជាស្រុកកំណើតទីពីររបស់ខ្ញុំ។ ទីនេះមានប្រវត្តិសាស្ត្រយូរលង់ វប្បធម៌ផូរផង់ ប្រជាជនខិតខំតស៊ូ ។ ខ្ញុំស្រឡាញ់ស្រុកកំណើតរបស់ខ្ញុំ។»

ព្រះច័ន្ទនៅស្រុកកំណើតភ្លឺចាំងជះ។ ក្នុងចំណោមកំណាព្យបុរាណចិន មានខ្លឹមសារជាច្រើនគឺបង្ហាញពីទឹកចិត្ត និងមនោសញ្ចេតនាចំពោះស្រុកកំណើត និងប្រទេសជាតិតាមរយៈព្រះច័ន្ទ។ លោក Xi Jinping ធ្លាប់ពន្យល់ដូច្នេះថា៖ «ទោះជាខ្ញុំធ្វើការនៅស្រុកZhengding រយៈពេលតែ៣ឆ្នាំក្តី ប៉ុន្តែវាគឺជា៣ឆ្នាំដែលមិនធម្មតា»  ព្រោះលោកបានយកជីវិតផ្សារភ្ជាប់យ៉ាងស្អិតជាមួយនឹងមហាជន។

ពីភូមិ Liangjiahe ដល់ស្រុក Zhengding ,  ពីខេត្តហុកគៀន ខេត្តចឺចាំង ក្រុងសៀងហៃ ក្រុងប៉េកាំង រហូតត្រូវបានជ្រើសតាំងជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន មិនថាទៅដល់ទីណា លោក Xi Jinping តែងប្រកាន់ខ្ជាប់នូវមនោសញ្ចេតនាដ៏ស្មោះស្ម័គ្រ និងបរិសុទ្ធចំពោះប្រជាជន។

គួរបញ្ជាក់ថា ពីឆ្នាំ១៩៨៥ លោក Xi Jinping បានធ្វើការនៅខេត្តហុកគៀនរយៈពេល ១៧ ឆ្នាំកន្លះ លោកបានចាត់ទុកហុកគៀនជាស្រុកកំណើតមួយទៀតរបស់ខ្លួន។ លោកធ្លាប់ថ្លែងថា «ពេលធ្វើការនៅនេះខ្ញុំមានគំនិតពិចារណា និងការសាកល្បងមួយចំនួន ហើយនៅតែគិតពិចារណានិងធ្វើវាឱ្យស៊ីជម្រៅនៅក្នុងការងារក្រោយៗរបស់ខ្ញុំ  គំនិតខ្លះត្រូវបានអនុវត្តយ៉ាងទូលំទូលាយក្នុងទូទាំងប្រទេសចិន។»

ឈានចូលថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៣នេះ កៀកជិតបុណ្យសែនព្រះខែផងនោះ នៅក្បែរបឹងXihu  ក្រុងហាងចូវ ខេត្តចឺចាំង  លោក Xi Jinping និងលោកស្រី PengLiyuan ជាភរិយា បានរៀបចំពិធីលៀងសាយភោជន៍ទទួលស្វាគមន៍ ភ្ញៀវកិត្តិយសអន្តរជាតិដែលអញ្ជើញមកប្រទេសចិន ដើម្បីចូលរួមពិធីសម្ពោធបើកការប្រកួតកីឡាអាស៊ីលើកទី១៩ ក្រុងហាងចូវ។

ពេលអញ្ជើញថ្លែងសុន្ទរកថា  លោក Xi Jinping បានណែនាំខេត្តចឺចាំងយ៉ាងរាក់ទាក់ថា ៖ «ខ្ញុំធ្លាប់ធ្វើការនៅចឹចាំងអស់ជាច្រើនឆ្នាំ។ ខេត្តចឺចាំងបានប្រកាន់ខ្ជាប់នូវការធ្វើកំណែទម្រង់និងបើកទូលាយ ហើយកំពុងកសាងតំបន់គំរូនៃការកសាងជីវភាពធូរធារបង្គួររួម ជាតំបន់អាទិភាពក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន។»  លោក Xi Jinping ធ្លាប់ធ្វើការនៅខេត្តចឺចាំងរយៈពេល ៦ ឆ្នាំ លោកស្គាល់ច្បាស់ពីទីនេះ ហើយបានជំរុញ ដឹកនាំនិងធ្វើជាសក្ខីភាពនៃការរីកចម្រើននៅទីនេះ។

ដើម្បីធ្វើអភិបាលកិច្ចប្រទេសធំ ដែលមានប្រជាជនចំនួនជាង១៤០០ លាននាក់ឱ្យបានល្អ   លោក Xi Jinping ដែលត្រូវបានប្រជាជនចិនហៅថាជា “កូនប្រុសលើទឹកដីពណ៌លឿង”  បានបញ្ចូលមនោសញ្ចេតនាចំពោះស្រុកកំណើត សាច់ញាតិនិងប្រទេសជាតិឱ្យក្លាយជាឆន្ទៈខិតខំតស៊ូសម្រេចនូវបំណងប្រាថ្នាដែលចង់បានជីវភាពរស់នៅដ៏ល្អបវររបស់ប្រជាជនទូទាំងប្រទេសចិន លោកពលីលះបង់ដោយមិនគិតពីខ្លួនឯង  ដើម្បីបំពេញពាក្យសន្យាចំពោះមាតុប្រទេសពោលគឺ៖ «តស៊ូហ៊ានពលីជីវិតមិនឱ្យប្រជាជនខកបំណង»

ដោយវិទ្យុមិត្តភាពកម្ពុជាចិន