(ប៉េកាំង)៖ អ្នកកាន់ភ្លើងគប់ឌីជីថលនៅក្នុងពិធីបើកការប្រកួត ឡានក្រុងឆ្លាតវៃ AR ដែលគ្មានមនុស្សបើកបរ "សេវាកម្មច្រកចេញចូលតែមួយនៃការប្រកួតកីឡាអាស៊ីឆ្លាតវៃ" ដែលជាវេទិកាសេវាមើលការប្រកួតកីឡាឌីជីថលតែម្តង "ក្រុមមនុស្សយន្ត"ដែលផ្តល់សេវាកម្មលើច្រើនវិស័យ ។ល។ ក្រោមការគាំទ្រពីបច្ចេកទេស ដូចជាប្រព័ន្ធ5G បណ្តាញអ៊ីនធឺណែតនៃបរិក្ខារ ហៅកាត់បណ្តាញIOT ទិន្នន័យធំនិងភាពឆ្លាតវៃសិប្បនិមិត្តជាដើម ទាំងក្នុងនិងក្រៅកីឡដ្ឋាននៃការប្រកួតកីឡាអាស៊ីលើកទី១៩ទីក្រុង Hangzhou សុទ្ធតែគ្របដណ្ដប់ទៅដោយបច្ចេកវិទ្យាខ្ពស់ ដែលធ្វើឱ្យសហគមន៍អន្តរជាតិមានការពិភាក្សាយ៉ាងក្ដៅគគុក។
ការប្រកួតកីឡាអាស៊ីHangzhouគឺជា ការប្រកួតកីឡាអាស៊ីលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលលើកឡើងនូវទស្សនៈស្តីពីការរៀបចំការប្រកួតកីឡា "ឆ្លាតវៃ"។ បើមើលពីផ្នែកបច្ចេកទេស វាបានបង្កើតឱ្យមាន"លើកដំបូង"ជាច្រើន។ ឧទាហរណ៍ បណ្តាញអ៊ីនធឺណែតល្បឿន១០ជីហ្គាប៊ីតនៃ 5G-Advanced ដំបូងបានក្លាយទៅជាការពិត ហើយអ្នកទស្សនាអាចមើលការប្រកួតកីឡាជាលក្ខណៈ 3D ដោយភ្នែកទទេ "កាបូបលុយអេឡិចត្រូនិក"ក្រៅប្រទេសបាន" តភ្ជាប់យ៉ាងរលូន"នៅក្នុងប្រទេសចិនជាលើកដំបូង ដែលផ្តល់សេវាកម្មប្រើប្រាស់ដ៏ងាយស្រួលដល់ភ្ញៀវទេសចរ។ ការចាក់ផ្សាយលើCloudជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៃការប្រកួតកីឡាអាស៊ី ដែលព័ត៌មាននៃព្រឹត្តិការណ៍ប្រកួតកីឡា អាចត្រូវបានចេញផ្សាយក្នុងរយៈពេលត្រឹមតែ៥ឬ៦វិនាទីប៉ុណ្ណោះ។ល។ មជ្ឈដ្ឋានខាងក្រៅបានវាយតម្លៃថា ការប្រកួតកីឡាអាស៊ីទីក្រុង HangZhou មិនត្រឹមតែជាការប្រកួតផ្នែកកីឡាតែប៉ុណ្ណោះទេ ថែមទាំងក៏ជាវេទិកាបង្ហាញពីការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាឌីជីថល របស់ប្រទេសចិនផងដែរ។
តើ"លើកដំបូង"ជាច្រើនមកពីណា? គឺមកពីការប្រមូលផ្តុំនូវការច្នៃប្រឌិតថ្មីរបស់ប្រទេសចិន។ ទីក្រុងHangzhouត្រូវបានគេដាក់ឈ្មោះថាជា"ទីក្រុងឌីជីថល" របស់ប្រទេសចិន។ខេត្ត Zhejiangដែលទីក្រុង Hangzhouបានស្ថិតនៅ គឺជាខេត្តនាំមុខគេក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន ដែលកំពុងបង្កើតឧត្តមភាពថ្មីនៃការអភិវឌ្ឍដែលជំរុញដោយការច្នៃប្រឌិតថ្មី។ បើនិយាយក្នុងន័យនេះ "ការប្រកួតកីឡាអាស៊ីឆ្លាតវៃ" គឺជាបង្អួចដ៏ល្អមួយសម្រាប់សង្កេតមើលការធ្វើទំនើបកម្មតាមបែបផែនចិន។
យកការច្នៃប្រឌិតថ្មីផ្នែកឌីជីថលជាឧទាហរណ៍។ តាមស្ថិតិពាក់ព័ន្ធបង្ហាញឱ្យឃើញថាក្នុងឆ្នាំ២០២២ តម្លៃបន្ថែមនៃឧស្សាហកម្មស្នូលផ្នែកសេដ្ឋកិច្ចឌីជីថលរបស់ទីក្រុងHangzhou បានកើនឡើងលើសពី៥០០ពាន់លានយាន់ប្រាក់ចិន ជាលើកដំបូង ដែលបានឈានដល់៥០៧.៦ពាន់លានយាន់ប្រាក់ចិន ត្រូវជា២៧.១%នៃGDP។ ក្នុងឆ្នាំដដែលនោះ តម្លៃបន្ថែមនៃឧស្សាហកម្មស្នូលផ្នែកសេដ្ឋកិច្ចឌីជីថលរបស់ខេត្តZhejiang បានឈានដល់៨៩៧.៧ពាន់លានយាន់ប្រាក់ចិន ដែលត្រូវជា១១.៦%នៃGDP។ ដោយសារឧត្តមភាពខាង"សេដ្ឋកិច្ចឌីជីថល" បានជាការប្រកួតកីឡាអាស៊ីទីក្រុងHangzhouនាំមកនូវការដកបទពិសោធផ្នែកបច្ចេកវិទ្យាថ្មីៗដល់មជ្ឈដ្ឋានខាងក្រៅ។
ការច្នៃប្រឌិតថ្មីគឺជាកម្លាំងចលករដ៏សំខាន់បំផុត សម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន ហើយ"ការប្រកួតកីឡាអាស៊ីឆ្លាតវៃ" គឺជាផ្នែកតូចមួយនៃសមិទ្ធិផលក្នុងការច្នៃប្រឌិតថ្មីរបស់ប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ កម្រិតវិនិយោគនៃសោហ៊ុយផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍ នៅទូទាំងសង្គមចិនបានកើនឡើងពី២.១%ដល់ជាង២.៥% ហើយអត្រារួមចំណែកដល់វឌ្ឍនភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បានកើនឡើងដល់ជាង៦០%។តាមរបាយការណ៍ស្តីពី《សន្ទស្សន៍ច្នៃប្រឌិតថ្មីសកលឆ្នាំ២០២៣》ដែលចេញផ្សាយដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នៅថ្ងៃទី២៧ខែកញ្ញាបានឱ្យដឹងថាប្រទេសចិនជាប់ចំណាត់ថ្នាក់ទី១២ ក្នុងតារាងចំណាត់ថ្នាក់ប្រចាំឆ្នាំនេះ គឺជាតួអង្គសេដ្ឋកិច្ចចំណូលមធ្យមតែមួយគត់ក្នុងលំដាប់កំពូល៣០។
ពេលបច្ចុប្បន្ននេះ អស្ថិរភាពនិងភាពមិនប្រាកដប្រជារបស់ពិភពលោកកាន់តែលេចធ្លោ ហើយបញ្ហាប្រឈមសកលដែលមនុស្សជាតិ កំពុងប្រឈមមុខកាន់តែមានភាពតឹងរ៉ឹង។ ការឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ ត្រូវការកម្លាំងអភិវឌ្ឍន៍។ លក្ខណៈពិសេសដូចជាការច្នៃប្រឌិតថ្មី ពណ៌បៃតង និងវប្បធម៌មនុស្សជាតិរបស់ការប្រកួតកីឡាអាស៊ីទីក្រុងHangZhouមិនត្រឹមតែបានបង្ហាញពីសមិទ្ធិផលនៃការកសាងទំនើបកម្ម តាមបែបផែនចិនប៉ុណ្ណោះទេ ថែមទាំងក៏នឹងក្លាយជាកម្លាំងចលករថ្មីសម្រាប់ ការអនុវត្តគំនិតអភិវឌ្ឍន៍ថ្មីនិងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិនផងដែរ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន