(ប៉េកាំង)៖ ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប៧៤ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនបានបើកធ្វើ នៅវិមានសភាប្រជាជនក្រុងប៉េកាំងនៅយប់ថ្ងៃទី២៨ ខែកញ្ញា។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ចព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។

ជាបឋម លោក Xi Jinping តំណាងឱ្យមជ្ឈិមបក្សកុម្មុនីស្តចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន សម្តែងការគោរពដ៏ខ្ពង់ខ្ពស់ ចំពោះប្រជាជនគ្រប់ជនជាតិ មេបញ្ជាការនិងយោធិន នៃកងទ័ពរំដោះប្រជាជនរបស់ប្រទេសចិន កងប៉ូលិសប្រដាប់អាវុធ បក្សប្រជាធិបតេយ្យនានានិងឥស្សរជនក្រៅបក្សសម្តែង ការសួរសុខទុក្ខដ៏ស្មោះត្រង់ចំពោះបងប្អូនជនរួមជាតិ នៅតំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ បងប្អូនជនរួមជាតិតៃវ៉ាន់ និងបងប្អូនជនរួមជាតិនៅឯនាយសមុទ្រ ព្រមនិងថ្លែងអំណរគុណដោយស្មោះត្រង់ដល់ប្រទេសមេត្រីភាពនិងមិត្តភក្តិអន្តរជាតិ ដែលយកចិត្តទុកដាក់និងគាំទ្រការកសាងទំនើបកម្មចិន។

ថ្លែងក្នុងសុន្ទរកថា លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះគឺជាឆ្នាំចាប់ផ្តើមនៃការអនុវត្តស្មារតីសមាជបក្សកុម្មុយនីស្តចិន លើកទី២០ ។ប្រទេសចិនគ្រោងផែនការទូទៅនៃការបង្កា និងគ្រប់គ្រងជំងឺកូវីដ១៩និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជំរុញយ៉ាងសកម្មឱ្យសេដ្ឋកិច្ចបន្តស្តារឡើងវិញ ជំរុញយ៉ាងសកម្មនូវការបើកទូលាយចំពោះបរទេស ការច្នៃប្រឌិតបផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ការអភិវឌ្ឍបៃតង គាំពារអធិបតេយ្យភាព សន្តិភាពនិងផលប្រយោជន៍របស់ ប្រទេសជាតិយ៉ាងមុតមាំ សេដ្ឋកិច្ចមាននិន្នាការល្អប្រសើរឡើងវិញ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ត្រូវបានសម្រេចយ៉ាងពិតជាក់ស្តែង។

លោក Xi Jinping បានគូសបញ្ជាក់ថា យើងគួរតែប្រកាន់ខ្ជាប់ការអភិវឌ្ឍដោយសន្តិភាព ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវយុទ្ធសាស្រ្ត បើកទូលាយដែលផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ គាំពារសច្ចយុត្តិធម៌អន្តរជាតិ អនុវត្តពហុភាគីនិយមយ៉ាងប្រាកដប្រជា ជំរុញការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល ដើម្បីជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន