(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកបានបង្ហាញក្តីបារម្ភរបស់ខ្លួន និងចេញមុខអំពាវនាវឱ្យស៊ែប៊ីដកកម្លាំងយោធា ពីតំបន់ព្រំដែនជាប់ជាមួយកូសូវ៉ូវិញ បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោនបានប្រទះឃើញ សញ្ញាដែលខ្លួនហៅថា ជាការប្រមូលផ្តុំយោធាទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក របស់ស៊ែប៊ីនៅទីនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣។
សេតវិមានអាមេរិក បានព្រមានកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ស៊ែប៊ីហាក់បានដាក់ពង្រាយរថក្រោះ និងប្រព័ន្ធកាំភ្លើងធំទំនើបៗ ទៅកាន់ក្បែរព្រំប្រទល់កូសូវ៉ូ បន្ទាប់ពីថ្មីៗនេះទើបតែមានហេតុការណ៍ប៉ះទង្គិចគ្នា នៅឯព្រះវិហារមួយកន្លែងក្នុងភាគខាងជើងកូសូវ៉ូ កាលពីសប្តាហ៍មុន។ អំពើហិង្សាខាងលើ ដែលបានមើលឃើញមន្រ្តីប៉ូលិសកូសូវ៉ូម្នាក់ រួមជាមួយខ្មាន់កាំភ្លើងជនជាតិស៊ែប៊ី៣នាក់ស្លាប់នោះ គឺជាការកើនឡើងភាពតានតឹងដ៏អាក្រក់បំផុតមួយ រវាងស៊ែប៊ីនិងកូសូវ៉ូ។ ពីមុនមកកូសូវ៉ូធ្លាប់ជាខេត្តផ្តាច់ខ្លួនរបស់ស៊ែប៊ី។
លោក ចន ខឺប៊ី (John Kirby) អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «យើងកំពុងតែតាមដានសកម្មភាពដាក់ពង្រាយយោធាទ្រង់ទ្រាយធំមួយរបស់ស៊ែប៊ី នៅតាមបណ្តោយព្រំដែនជាប់កូសូវ៉ូ។ វារួមមានទាំងការចល័តរថក្រោះ និងកាំភ្លើងធំទំនើបៗរបស់ស៊ែប៊ី ហើយនិងកងទ័ពអមដោយរថពាសដែក។ យើងជឿថា នេះគឺជាស្ថានការណ៍វិវឌ្ឍន៍ដ៏អស្ថិរភាពមួយ ហើយពួកយើងសូមអំពាវនាវឱ្យខាងស៊ែប៊ី ដកកងកម្លាំងយោធាទាំងនោះ ថយពីតំបន់ព្រំដែនវិញ»។ លោក Kirby បានបន្តថា ការប្រមូលផ្តុំយោធារបស់ស៊ែប៊ី បានប្រព្រឹត្តទៅក្នុងរយៈពេល១សប្តាហ៍ចុងក្រោយនេះ ប៉ុន្តែគោលបំណងនៃការធ្វើយ៉ាងដូច្នោះ នៅមិនទាន់ច្បាស់ទេ។
គួរបញ្ជាក់ថា បើតាមលោក Kirby កាលពីថ្ងៃសុក្រ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊ី្លនខិន (Antony Blinken) ក៏បានទូរស័ព្ទទៅកាន់ប្រធានាធិបតីស៊ែប៊ី លោក អាឡិចសាន់ដា វូឈីគ (Aleksandar Vucic) ផងដែរ ដើម្បីទទូចឱ្យមានការបន្ធូរបន្ថយភាពតានតឹងវិញជាបន្ទាន់ ហើយត្រឡប់ទៅរកការសន្ទនាគ្នា។ លោក Vucic មិនបានបដិសេធចំៗថា មិនមានការប្រមូលផ្តុំកម្លាំងយោធានោះទេ ប៉ុន្តែលោកបានច្រានចោល ការអះអាងថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសលោក ស្ថិតក្នុងស្ថានភាពប្រុងជើងការខ្ពស់៕
រូបភាពពីក្រសួងការពារជាតិស៊ែប៊ី