(ស៉ីដនី)៖ អាជ្ញាធរអូស្រ្តាលីបានឱ្យដឹងថា នាថ្ងៃសៅរ៍នេះ បុរសម្នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ បន្ទាប់ពីត្រីបាឡែនមួយក្បាល បានមកបុកទូកពួកគេរួចបណ្តាលឱ្យវាក្រឡាប់ អំលុងពេលធ្វើការនេសាទ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣។
ប៉ូលិសអូស្រ្តាលីបានប្រាប់ថា បុរសម្នាក់ត្រូវបានជួយសង្រ្គោះ ទាំងក្នុងស្ថានភាពសន្លប់បាត់បង់ស្មារតី ចេញពីឆកសមុទ្រ ប៉ូតានី (Botany) ក្បែរឆ្នេរទីក្រុងស៉ីដនី ហើយក្រោយមកក៏បានបាត់បង់ជីវិត ខណៈបុរសម្នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងស្ថានភាពនឹងនរ។ លោកស្រី យ៉ាស្មីន ខេតលី (Yasmin Catley) ជារដ្ឋមន្រ្តីទទួលបន្ទុកផ្នែកប៉ូលិសនិងប្រឆាំងភេរវកម្មប្រចាំរដ្ឋ New South Wales បាននិយាយដូច្នេះថា «ហេតុការណ៍នេះ មានជាប់ពាក់ព័ន្ធជាមួយសត្វត្រីបាឡែនមួយក្បាល... គ្មាននរណានឹកស្មានថា វាជារឿងដែលអាចកើតឡើងនោះឡើយ... វាគឺជាសោកនាដកម្មមួយ»។
គួរបញ្ជាក់ថា ឆ្នេរសមុទ្រដ៏វែងរបស់ប្រទេសអូស្រ្តាលី ជាជម្រកនៃអម្បូរត្រីបាឡែនធំៗប្រមាណ១០ប្រភេទ និងតូចៗប្រហែល២០ប្រភេទ។ ស្របពេលដែលករណីមនុស្សបាត់បង់ជីវិត ដោយសារពពួកសត្វត្រីនេះ នៅក្នុងតំបន់គឺជារឿងកម្រ អូស្រ្តាលីនិងនូវែលសេឡង់ដែលនៅក្បែរខាង គឺជាកន្លែងដែលត្រីបាឡែនបានមកទើរជាប់តាមឆ្នេរសមុទ្រ ក្នុងទ្រង់ទ្រាយច្រើនៗ។ កាលពីខែមិថុនា ឆ្នាំនេះ ជនជាតិដាណឺម៉ាក៨នាក់ ត្រូវបានជួយសង្រ្គោះ នៅពេលទូករបស់ពួកគេបានលិច នៅមហាសមុទ្រប៉ាស៉ីហ្វិក ក្រោយការប៉ះទង្គិចជាមួយត្រីបាឡែន២ក្បាល៕
រូបភាពពី AP