(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រមុខកងទ័ពរបស់សហរដ្ឋអាមេរិក លោក Mark Milley បានចុះចេញពីតំណែងរបស់ខ្លួន ដោយភ្ជាប់ជាមួយពាក្យពេចន៍ឌឺដង ដាក់អតីតចៅហ្វាយរបស់លោក គឺអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយនិយាយថា ពុំមានទាហានរូបណា ដែលធ្វើសច្ចាប្រណិធានដើម្បីបម្រើ បុគ្គលដែលចង់ធ្វើខ្លួនឱ្យដូចមេដឹកនាំផ្តាច់ការ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

ថ្លែងអំពីកងទ័ពអាមេរិក នាថ្ងៃចុងក្រោយរបស់លោក ក្នុងនាមជាប្រធានអគ្គសេនាធិការចម្រុះយោធានៃសហរដ្ឋអាមេរិក លោក Milley បានលើកឡើងដូច្នេះថា «យើងពុំធ្វើសច្ចាប្រណិធានចំពោះ ស្តេចឬជនប្រើអំណាចផ្តាច់ការនោះទេ ហើយពួកយើងក៏មិនធ្វើសច្ចាប្រណិធាន​ចំពោះ បុគ្គលដែលចង់ធ្វើខ្លួនឱ្យដូចមេដឹកនាំផ្តាច់ការ នោះដែរ»។ ទោះលោក Milley មិនបាននិយាយចំឈ្មោះ លោក ដូណាល់ ត្រាំ ក៏ដោយ ការឌឺដងនេះ ត្រូវបានគេយល់ឃើញយ៉ាងច្បាស់ថា គឺចង់សំដៅទៅលើលោកអតីតប្រធានាធីបតីអាមេរិក។ មេកងទ័ពអាកាសអាមេរិក លោក Charles Brown នឹងឡើងមកកាន់តំណែងជំនួសលោក Mark Milley។

គួរបញ្ជាក់ថា អំលុងពេលភាពតានតឹងកើនឡើងខ្ពស់បំផុតនៅសហរដ្ឋអាមេរិក ក្រោយក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ ចូលលុកលុយ​វិមានសភាអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដោយសារលោក ត្រាំ មិនព្រមទទួលយកលទ្ធផលបោះឆ្នោត ដែលចាញ់ក្រោមដៃ លោក ចូ បៃដិន លោក Milley បានទូរស័ព្ទជាមួយសម្ងាត់ទៅកាន់សមភាគីចិនរបស់លោក ដើម្បីធានាប្រាប់ទីក្រុងប៉េកាំងថា អាមេរិក​នៅបន្តមានស្ថិរភាព និងមិនមានបំណងវាយប្រហារលើចិនឡើយ។

ទង្វើខាងលើបានបង្កឱ្យមានការខឹងសម្បារជាខ្លាំង និងមិនងាយសាបរលត់ពីលោក ត្រាំ ដែលក្នុងខែកញ្ញានេះ ទើបតែបានបង្ហោះសារនៅលើ​បណ្តាញសង្គមរបស់លោកថា បើនៅសម័យពីមុនវិញនោះ ការដាក់ទោស គឺច្បាស់ជាសេចក្តីស្លាប់មិនខានឡើយ សម្រាប់លោក Mark Milley។ ការគំរាមដូចខាងលើរបស់លោក ត្រាំ ដែលជាបេក្ខជននាំមុខគេ ដើម្បីតំណាងបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ បានជំរូញឱ្យលោក Milley ចាត់វិធានការសមស្រប ដើម្បីសុវត្ថិភាពរូបលោក៕

រូបភាពពី AP