(ព្យុងយ៉ាង)៖ ភាពប្រឈមមុខកាន់តែខ្លាំងក្នុងការប្រកួតប្រជែងឥទ្ធិពល របស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានជម្រុញឱ្យកូរ៉េខាងជើងអនុម័តច្បាប់របស់ខ្លួន អាចធ្វើការវាយប្រហារដោយ អាវុធនុយក្លេអ៊ែ័រដាក់លើសត្រូវ។ មេដឹកនាំកូរ៉េខាងជើងក្នុងសប្តាហ៍នេះ ថែមទាំងបានកែច្បាប់ របស់ខ្លួនបង្កើនការផលិតអាវុធប្រល័យលោកថែមទៀត ខណៈការប្រឈមភាពតានតឹងដែល បាននិងកំពុងកើតឡើងនៅតំបន់ឧបទ្វីបកូរេ។ មេដឹកនាំកូរ៉េខាងជើង បានចាត់ទុកកិច្ចសហ ប្រតិបត្តិការបីប្រទេសរវាងសហរដ្ឋអាមេរិក ជប៉ុននិងកូរេខាងត្បូង គឺជាការបង្កើតនូវអង្គការ ណាតូថ្មីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការបង្កើនការផលិតអាវុធនុយក្លេអ៊ែរ និងលោក គីម ចង់ឱ្យប្រទេស របស់លោកដើរតួនាទីរបស់ខ្លួនកាន់តែធំ នៅក្នុងការធ្វើសម្ព័ន្ធជាមួយនឹងប្រទេសនានា ក្នុងការ ប្រឈមមុខនឹងសហរដ្ឋអាមេរិកនៅក្នុងអ្វីដែលលោកចាត់ទុកថាជា«សង្គ្រាមត្រជាក់ថ្មី» ។
សារព័ត៌មាន The Korean Central News Agency បានសរសេរថាលោកគីមជុនអ៊ុនបានធ្វើ អត្ថាធិប្បាយនេះក្នុងអម្លុងសម័យប្រជុំរយៈពេលពីរថ្ងៃនៃរដ្ឋសភាកូរ៉េខាងជើងដែលបានធ្វើ វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួនដាក់បញ្ចូលគោលនយោបាយរបស់មេដឹកនាំកូរេខាង ជើងរូបនេះ ក្នុងការពង្រីកកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។

កូរ៉េខាងជើង ត្រូវបានគេប៉ាន់ប្រមាណថាអាចមានក្បាលអាវុធគ្រាប់នុយក្លេអ៊ែ័រប្រមាណ៣០ គ្រាប់ និងជាមួយគ្នានេះ កូរ៉េខាងជើងកំពុងបង្ហាញថាគឹនឹងបង្កើនការផលិតអាវុធប្រល័យ លោកនេះជាបន្ថែមទៀត។
សម័យប្រជុំរបស់សភាប្រជាជនកំពូលរបស់កូរេខាងជើងនៅថ្ងៃអង្គារ និងថ្ងៃពុធ សប្តាហ៍នេះ ត្រូវគេឃើញបានធ្វើឡើងបន្ទាប់ពីលោក គីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់តំបន់ចុងបូព៌ា របស់រុស្ស៊ីក្នុងខែកញ្ញានេះ ដោយនៅទីនោះ លោកបានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងបានធ្វើទស្សនាកន្លែងយោធា និងបច្ចេកវិទ្យារបស់រុស្ស៊ីផងទៀត។

ដំណើរទស្សនកិច្ចនោះបានជំរុញឱ្យមានការព្រួយបារម្ភរបស់លោកខាងលិច ជុំវិញលទ្ធភាពសម្ព័ន្ធ ភាពអាវុធដែលកូរ៉េខាងជើងនឹងផ្គត់ផ្គង់ដល់លោកពូទីនជាមួយនឹងអាវុធ ដែលរុស្ស៊ីត្រូវ ការយ៉ាងក្រៃលែងដើម្បីការធ្វើសង្គ្រាមលើទឹកដីអ៊ុយក្រែន។ លទ្ធភាពនៃជំនួយអាវុធនោះត្រូវគេរំ ពឹងថា គឺជាថ្នូរនឹងជំនួយសេដ្ឋកិច្ចនិងបច្ចេកវិទ្យាទំនើប របស់រុស្ស៊ីដើម្បីបង្កើនសមត្ថភាពផលិតនៃប្រព័ន្ធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

កូរ៉េខាងជើង បានចាប់ផ្តើមធ្វើសកម្មភាពស្វែងរកដៃគូជាមួយនឹងរុស្ស៊ី និងប្រទេសចិនក្រោយ ប្រទេសរបស់ខ្លួនបានបិទបញ្ចប់ដំណាក់កាលការឆ្លងកូវីដ១៩។ សកម្មភាពស្វែងរកមិត្តពី បណ្តាប្រទេសដទៃនេះ បានធ្វើឡើងខណៈសហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធបាននិងកំពុង ព្យាយាមចង់ធ្វើឱ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងស្ថិតក្នុងភាពឯកោជាអន្តរជាតិក្រោមលេសកម្មវិធី អាវុធនុយក្លេអ៊ែ័ររបស់កូរេខាងជើង និងការបាញ់សាកល្បងអាវុធរបស់ខ្លួនដែលសកម្មភាពទាំងនោះ បានប្រឆាំងនឹងសេចក្តីសម្រេចចិត្តអង្គការសហប្រជាជាតិ និងការប្រឆាំងលើសេចក្តី សម្រេចចិត្តនោះទៀត បាននាំឱ្យមានការដាក់ទណ្ឌកម្មជាបន្តបន្ទាប់មកលើកូរេខាងជើង។ ប៉ុន្តែកូរ៉េខាងជើងពេលនេះមិនបានស្ថិតនៅស្ងៀមដើម្បីឱ្យសហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធ​មិត្ត ធ្វើព្យុះផ្គរនិងភ្លៀងដោយការដាក់ទណ្ឌកម្ម និងការចង់ឱ្យប្រទេសរបស់ខ្លួនស្ថិតក្នុងភាពឯ កោជាអន្តរជាតិឡើយ។ មេដឹកនាំកូរេខាងជើង បានធ្វើដំណើរចេញទៅក្រៅប្រទេសដើម្បី ស្វែងរកមិត្តរបស់ខ្លួនប្រឆាំងនឹងសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចដែលកូរេខាងជើង តែងដាក់ឈ្មោះថាចក្រពត្តិនិយមនិងពួកអនុត្តរភាពនិយម។

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងសប្តាហ៍នេះតាមរយៈកិច្ចប្រជុំសភាបានប្រាប់ ពលរដ្ឋរបស់ខ្លួននូវមហិច្ឆតាការធ្វើសម្ព័ន្ធជាមួយនឹងប្រទេសនានាក្នុងការប្រឈមមុខនឹង សហរដ្ឋអាមេរិកនៅក្នុង "សង្គ្រាមត្រជាក់ថ្មី" និងថែមទាំងបានបង្ហាញពិភពលោកនូវបំណង ចង់បង្កើនការផលិតអាវុធនុយក្លេអ៊ែរជាបន្ថែមទៀត។ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានចាត់ ទុកខ្លួនឯងគឺជាប្រទេសមួយដែលស្ថិតក្នុងរង្វង់មហាអំណាចនុយក្លេអ៊ែ័រផងដែរ។

លោកគីមជុងអ៊ុន បានពណ៌នាថា ពិភពលោកកំពុងឈានចូលដល់ “សង្រ្គាមត្រជាក់ថ្មី” និងថា កូរ៉េខាងជើងនាពេលនេះគួរតែបង្កើនសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនដើម្បីជាការឆ្លើយតបទៅវិញ។
របាយការណ៍របស់សារព័ត៌មានរដ្ឋកូរេខាងជើង KCNAបានសរសេរថា, សម្តីរបស់លោក Kim ដែលបញ្ជាក់ការបង្កើនសមត្ថភាពនុយក្លេអ៊ែរបានកើតឡើង មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បញ្ជាក់ការដោះលែងទាហានអាមេរិកម្នាក់គឺលោក Travis King ដែលពេលនេះត្រូវបាន បញ្ជូនត្រឡប់ទៅសហអាមេរិកវិញហើយ ក្រោយរយៈពីរខែដែលទាហានអាមេរិករូបនោះ បានរត់ឆ្លងកាត់ព្រំដែនកូរេខាងត្បូង ចូលមកក្នុងទឹកដីភាគខាងជើង។ 

មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិកលោក Matthew Miller បានថ្លែងថាសហរដ្ឋអាមេរិក បានទទួលលោក Travis King ពីសាធារណរដ្ឋប្រជាមានិតកូរ៉េហើយ។ មន្ត្រីនាំពាក្យដដែល បាននិយាយថាលោក Travis King ត្រូវបានគេបញ្ជួនទៅព្រំដែនកូរេខាងជើងនិងព្រំដែនរបស់ ប្រទេសចិនដែលនៅទីនោះ ទាហានអាមេរិករូបនោះ បានជួបជាមួយនឹងឯកអគ្គរដ្ឋទូតអាមេ រិកប្រចាំក្នុងប្រទេសចិនលោកNicholas Burns ។ ទាហានអាមេរិករូបនោះក្រោយមកត្រូវបាន ដឹកតាមយន្តហោះរបស់ក្រសួងការបរទេសអាមេរិក ដែលបានហោះពីតំបន់ Dandong នៃប្រទេសចិន មកកាន់តំបន់ Shenyang ក្នុងប្រទេសចិនដដែល និងបានដឹកពី Shenyang ជាបន្ត ​មកកាន់មូលដ្ឋានព្រលានយន្តហោះ Osan ក្នុងប្រទេសកូរ៉េខាងត្បូង និងបានបញ្ជូនបន្តមក ក្រសួងការពារជាតិអាមេរិក។ លោក Matthew Miller បាននិយាយថាទាហានអាមេរិករូបនោះ កំពុងធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកវិញហើយ។

ការដោះលែងនិងបណ្ដេញចេញវិញយ៉ាងឆាប់រហ័សនៃទាហានអាមេរិក Travis King នោះគឺ បានខុសស្រឡះពីការគិតមុននេះថាកូរ៉េខាងជើងនឹងអាចបន្តរក្សាឃុំឃាំងទាហានអាមេរិករូប នេះដើម្បីរក្សាទុករកការធ្វើសម្បទានណាមួយពីសហរដ្ឋអាមេរិកមកវិញ។ ការដោះលែងយ៉ាងឆាប់រហ័សនេះ ត្រូវគេចាត់ទុកថាកូរ៉េខាងជើងមិនបានមើលឃើញនូវប្រ យោជន៍នៃទំនាក់ទំនងការទូតណាមួយជាមួយរដ្ឋាភិបាលក្រុងវ៉ាស្ហ៊ីនតោនឡើយ ប៉ុន្តែផ្ទុយទៅវិញ, កូរ៉េខាងជើងបានបង្ហាញនូវការត្រៀមខ្លួនប្រើប្រាស់អាវុធនុយក្លេអ៊ែ័រគ្រប់ពេលវេលា សម្រាប់វាយប្រហារដាក់លើសត្រូវរបស់ខ្លួនថែមទៀត។
លោក Matthew Miller បានថ្លែងសហរដ្ឋអាមេរិកបានព្យាយាមចង់ធ្វើទំនាក់ទំនងការទូតជា មួយកូរេខាងជើង ប៉ុន្តែមិនបានសម្រេចឡើយ។

លោក Matthew Miller បានថ្លែងថាសហរដ្ឋអាមេរិកស្វាគមន៍ចំពោះទំនាក់ទំនងការទូតជា មួយនឹងកូរេខាងជើង ប៉ុន្តែគឺកូរេខាងជើងទេដែលព្យាយាមបដិសេធ។ លោកថា «យើងបាន ព្យាយាមធ្វើការទាក់ទងទៅកាន់កូរេខាងជើងចាប់តាំងពីពេលដែលលោក Travis King បានឆ្លងកាត់ព្រំដែនចូលទៅក្នុងកូរេខាងជើង។ យើងបានព្យាយាមទាក់ទងតាមលេខទំនាក់ ទំនងប៉ុន្តែគេនៅតែបដិសេធមិនធ្វើទំនាក់ទំនងជាមួយនឹងយើងនិងបានបដិសេធមិនព្រម ជជែកជាមួយមន្ត្រីទូតស៊ុយអែតដែលបានព្យាយាមចង់ជួយយើងក្នុងការចរចាស្វែងរកទំនាក់ ទំនងជាមួយនឹងកូរេខាងជើង»

លោក Matthew Miller បានថ្លែងថាគេមិនបានឃើញសញ្ញាណាមួយដែលអាចទម្លុះនូវភាព ទាល់ច្រកនេះបានឡើយ។
កូរេខាងជើងមិនត្រឹមតែមិនស្វាគមន៍ចំពោះសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចាត់ ទុកសហរដ្ឋអាមេរិកជាប្រទេសដែលដើរញុះញង់បង្កហេតុធ្វើឱ្យពិភពលោកជ្រួលច្របល់ថែមទៀត។ ដើម្បីការទប់ទល់នឹងសហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធមិត្តអាមេរិក កូរេខាងជើងក្នុងសប្តាហ៍នេះ បានបង្ហាញនូវការរៀបចំខ្លួនទប់ទល់វិញដោយការបង្កើតមិត្តប្រឆាំងនឹងសហរដ្ឋ អាមេរិកវិញ។

សារព័ត៌មានរដ្ឋកូរេខាងជើង KCNA បាននិយាយរៀបរាប់បន្តក្នុងកិច្ចប្រជុំកំពូលសភាប្រជាជន កូរេខាងជើងទៀតថាសមាជិកសភាកូរេខាងជើង បានផ្តល់ការយល់ព្រមជាឯកច្ឆ័ន្ទចំពោះខ ចែងក្នុងប្រការច្បាប់ថ្មីក្នុងរដ្ឋធម្មនុញ្ញដើម្បី "ធានាសិទ្ធិរបស់ប្រទេសចំពោះការធ្វើឱ្យកើតឡើង និងការអភិវឌ្ឍន៍, ការរារាំងសង្គ្រាម និងការពារសន្តិភាពក្នុងតំបន់និងពិភពលោកដោយការ អភិវឌ្ឍអាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័សនិងឈានដល់កម្រិតខ្ពស់" ។

លោក គីមជុងអ៊ុន បាននិយាយនៅក្នុងសុន្ទរកថារបស់លោកនៅក្នុងរដ្ឋសភាថា "គោលនយោ បាយកសាងកងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ត្រូវបានបង្កើតឡើងឱ្យមានជាអចិន្ត្រៃយ៍, ជាច្បាប់មូលដ្ឋានរបស់រដ្ឋ ដែលគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យប្រឆាំងអ្វីទាំងអស់" ។ លោក គីម បានថ្លែងសង្កត់ធ្ងន់លើតម្រូវការដើម្បី «ជំរុញទៅមុខជាមួយនឹងការងារសម្រាប់ ការបង្កើនការផលិតអាវុធនុយក្លេអ៊ែរ និងការធ្វើពិពិធកម្មមធ្យោបាយនៃការវាយប្រហារ នុយ ក្លេអ៊ែរ» ថែមទៀត។

លោក គីម នៅបាននិយាយចង្អុលទៅអ្វីដែលលោកបានពណ៌នាថា «ជាការគំរាមកំហែងកាន់ តែខ្លាំងឡើងដែលបង្កឡើងដោយអរិភាពរបស់សហរដ្ឋអាមេរិក និងការពង្រីកកិច្ចសហប្រតិ បត្តិការយោធារបស់អាមេរិកជាមួយកូរ៉េខាងត្បូង និងជប៉ុន។» មេដឹកនាំកូរេខាងជើង បាន ចោទប្រកាន់ថាកិច្ចសហប្រតិបត្តិការសហរដ្ឋអាមេរិក, កូរេខាងត្បូងនិងជប៉ុន បានបង្កើត ណាតូថ្មីមួយនៅអាស៊ី ដែលការបង្កើតនោះគឺ ជាមូលហេតុនៃសង្គ្រាម និងការឈ្លានពាន។

លោកគីមបានថ្លែងចាត់ទុកថា ការពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់អាមេរិកជាមួយ កូរ៉េខាងត្បូង និងជប៉ុននោះ គឺពិត​ជា​ការ​គំរាម​កំហែង​ដ៏​អាក្រក់​បំផុត និងវាមិន​មែន​ជា​ការ​គំរាម​កំហែង​ដោយ​វោហាសាស្ត្រ ឬ​ការ​ស្រមើស្រមៃ​នោះ​ទេ។

មេដឹកនាំកូរេខាងជើង បានជំរុញឱ្យអ្នកការទូតកូរេខាងជើង «លើកកម្ពស់បន្ថែមទៀតនូវសាមគ្គី ភាពជាមួយប្រជាជាតិទាំងឡាយណាដែលងើបឈរប្រឆាំងនឹងសហរដ្ឋអាមេរិក និងប្រឆាំង យុទ្ធសាស្រ្តអនុត្តរភាពរបស់បស្ចិមប្រទេស»

ក្នុងប្រតិកម្មតបចំពោះអ្វីដែលកំពុងកើតឡើងក្នុងប្រទេសកូរេខាងជើងនេះ, ក្រសួងបង្រួប បង្រួមកូរ៉េខាងត្បូងដែលគ្រប់គ្រងទំនាក់ទំនងជាមួយកូរ៉េខាងជើង បាននិយាយថា វិសោធន កម្មរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងជើង បានបញ្ជាក់ពីឆន្ទៈរបស់លោក គីមជុងអ៊ុន នៅតែមិនព្រម បោះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន និងមេដឹកនាំកូរេខាងជើងថែមទាំងប្តេជ្ញាចិត្តឥត ងាករេរបស់ខ្លួនក្នុងការជំរុញបង្កើនគ្រឿងសព្វាវុធដាក់ក្នុងឃ្លាំងជាបន្ថែមទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន, កូរ៉េខាងត្បូងបាននិយាយថាគេនឹងបន្តពង្រីកកិច្ច សហប្រតិបត្តិការយោធារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងជប៉ុន ហើយគេក៏នឹងធ្វើការកាន់ តែជិតស្និទ្ធជាមួយដៃគូអន្តរជាតិផ្សេងទៀតដើម្បីបង្កើនសម្ពាធដាក់លើកូរ៉េខាងជើង ដើម្បីឱ្យបោះបង់ចោលមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន។

ភាពតានតឹងនៅឧបទ្វីបកូរ៉េស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខណៈ ដែលកូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចច្រើនជាង ១០០ គ្រាប់ចាប់តាំងពីដើមឆ្នាំ ២០២២ នៅទន្ទឹមនឹងសហរដ្ឋអាមេរិកបានពង្រីកសមយុទ្ធយោធារបស់ខ្លួន ជាមួយសម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួនក្នុងការឆ្លើយតបទៅវិញទៅមក។
កាល​ពី​ឆ្នាំ​មុន សភា​កូរេខាងជើងបាន​អនុម័ត​គោលការណ៍​នុយក្លេអ៊ែរ​ថ្មី​ជា​ច្បាប់ ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​វាយ​ប្រហារ​នុយក្លេអ៊ែរ​ជា​មុន ប្រសិន​បើ​ថ្នាក់ដឹក​នាំ​របស់​កូរ៉េ​ខាង​ជើងបានយល់ ឃើញថាក្រុងព្យុងយ៉ាងបានស្ថិត​ក្រោម​ការ​គំរាម​កំហែងរបស់សត្រូវហើយ៕

រូបភាពពី AP

រូបភាពពី Korean Channel Agency