(ម៉ានីល)៖ លោកប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos Jr) បាននិយាយនៅថ្ងៃសុក្រនេះថា ហ្វីលីពីននឹងពង្រឹងការការពារទឹកដី ក៏ដូចជាសិទ្ធិនៃអ្នកនេសាទរបស់ខ្លួន ហើយមិនចង់មានបញ្ហានោះទេ ចំពេលដែលមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងជាមួយចិន ជុំវិញសកម្មភាពក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

ឆ្មាំសមុទ្រហ្វីលីពីនក្នុងសប្តាហ៍នេះ បានរុះរើរបាំងបណ្តែតទឹកប្រវែង ៣០០ម៉ែត្រ ដែលចិនបានដាក់នៅតំបន់ថ្មបប្រ៉ះទឹក Scarborough Shoal ដោយជោគជ័យ។ ក្នុងសុន្ទរកថាលើកដំបូងក្រោយផ្ទុះភាពតានតឹងនាពេលថ្មីៗនេះ លោក ម៉ាកូស បាននិយាយថា ហ្វីលីពីនកំពុងរក្សាសិទ្ធិលើការនេសាទ ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។

លោក បានគូសបញ្ជាក់ថា «អ្វីដែលយើងនឹងធ្វើគឺបន្តការពារជាតិ ដែនសមុទ្រហ្វីលីពីន សិទ្ធិនៃអ្នកនេសាទរបស់យើងក្នុងការនេសាទត្រី នៅក្នុងតំបន់ដែលពួកគេធ្វើរាប់រយឆ្នាំមកហើយ។ នោះហើយជាមូលហេតុដែលខ្ញុំមិនយល់ថា ហេតុអ្វីបានជាមានរឿងបែបនេះកើតឡើង»

គួរបញ្ជាក់ថា ក្រោយពីមានការរុះរើរបាំងបណ្តែតទឹកនោះចេញ ឆ្មាំឆ្នេរសមុទ្រចិនបានប្រាប់ហ្វីលីនកុំឲ្យបង្កបញ្ហា ខណៈដែលសហរដ្ឋអាមេរិក បានកោតសរសើរហ្វីលីពីនថាមានភាពក្លាហាន ដោយគូសបញ្ជាក់ពីកាតព្វកិច្ចអនុវត្តសន្ធិសញ្ញា ដើម្បីការពារអតីតដែនដីអាណានិគមរបស់ខ្លួនមួយនេះ៕

">

រូបភាពពី AFP