(អ៉ីស្លាម៉ាបាដ)៖ ក្រុមមន្រ្តីសុខាភិបាលនិងប៉ូលិស នៅប្រទេសប៉ាគីស្ថាន បានឱ្យដឹងថា មនុស្សយ៉ាងហោច៥២នាក់ បានបាត់បង់ជីវិត និងជាង៥០នាក់ផ្សេងទៀតបានទទួលរងរបួស នាថ្ងៃសុក្រនេះ ក្នុងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត នៅខេត្តបាឡូជីស្ថាន (Balochistan) ដែលកើតឡើងអំលុងពិធីខួបកំណើតរបស់ មហាំម៉ាត់ ដែលជាអ្នកនាំសាររបស់ព្រះក្នុងសាសនាអ៉ីស្លាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣។
មិនទាន់មានក្រុមណាមួយ ចេញមុខទទួលខុសត្រូវថា សកម្មភាពវាយប្រហារខាងលើ ជាស្នាដៃរបស់ខ្លួននៅឡើយទេ ក៏ប៉ុន្តែវាបានកើតមាន ចំពេលដែលការវាយប្រហារដោយ ក្រុមសកម្មជនប្រយុទ្ធ បាននិងកំពុងកើនឡើងកាន់តែញឹកញាប់ នៅតំបន់ភាគខាងលិចប៉ាគីស្ថាន និងមុនពេលប្រទេសអាស៉ីខាងត្បូងមួយនេះ ត្រូវរៀបចំការបោះឆ្នោតសកល នៅខែមករា ឆ្នាំ២០២៤។ ទីតាំងនៃការបំផ្ទុះគ្រាប់បែកនោះ គឺស្ថិតនៅក្បែរព្រះវិហារអ៉ីស្លាមមួយ ជាទីដែលមនុស្សម្នាបានមកប្រមូលផ្តុំគ្នា ដើម្បីត្រៀមដង្ហែក្បួន ដើម្បីអបអរខួបកំណើត មហាំម៉ាត់ ដែលត្រូវជាថ្ងៃឈប់សម្រាកផងដែរ។
គួរបញ្ជាក់ថា ប៉ាគីស្ថានបានមើលឃើញការស្ទុះឡើងវិញ នៃសកម្មភាពវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ ចាប់តាំងតែពីឆ្នាំមុនមក នៅពេលបទឈប់បាញ់បានដួលរលំ រវាងរដ្ឋាភិបាលនិងក្រុមសកម្មប្រយុទ្ធ TTP។ យ៉ាងណាមិញ ក្រុម TTP បានចេញមុខបដិសេធថា ខ្លួនមិនបានធ្វើសកម្មភាពវាយប្រហារ នៅថ្ងៃសុក្រនេះឡើយ។ ដោយឡែក កាលពីខែកក្កដាកន្លងទៅ មនុស្សជាង ៤០នាក់ស្លាប់ ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅខេត្ត Khyber Pakhtunkhwa province ភាគនិរតីប្រទេស អំលុងការប្រមូលផ្តុំ របស់គណបក្សនយោបាយសាសនាមួយ៕
">
រូបភាពពី AFP