(ប៉េកាំង)៖ ថ្ងៃបុណ្យសែនព្រះខែបានបង្កប់នូវការស្វែងរកដ៏ល្អបវររបស់ ប្រជាជនសម្រាប់ការជួបជុំគ្នានិងភាពសុខដុមរមនា ហើយផ្ទុកនូវមនោសញ្ចេតនាយ៉ាងក្រាស់ក្រែលចំពោះគ្រួសារ និងប្រទេសជាតិ។ នៅថ្ងៃមុនថ្ងៃបុណ្យសែនព្រះខែ នៅឆ្នាំ១៩៨៦ លោកXi Jinpingដែលពេលនោះកាន់មុខតំណែងជាអភិបាលរងក្រុង Xiamen បានជិះកង់ ហើយនាំយកនំព្រះខែចំនួនពីរប្រអប់ ឆ្ពោះទៅកាន់អន្តេវាសិកដ្ឋាននៃសាកលវិទ្យាល័យ Xiamen ដើម្បីអបអរសាទរថ្ងៃបុណ្យនេះជាមួយនិស្សិត នេះបានធ្វើឱ្យនិស្សិតដែលនៅឆ្ងាយពីគ្រួសារមានអារម្មណ៍ដូចជាក្នុងផ្ទះ។

ប៉ុន្មានឆ្នាំកន្លងទៅនេះ មិនថាពួកគេជាយុវជនរៀនសូត្រនៅកន្លែងផ្សេង ឬរស់នៅឆ្ងាយពីស្រុកកំណើតទេ លោកXi Jinpingតែងតែយកចិត្តទុកដាក់ចំពោះពួកគេ ហើយក៏ជូនពរពួកគេនៅ ពេលថ្ងៃបុណ្យប្រពៃណីសំខាន់ៗ។

នៅមុនថ្ងៃបុណ្យសែនព្រះខែនៅឆ្នាំ២០១៥ ពេលអញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ចទទួលស្វាគមន៍ ជនជាតិចិនរស់នៅអាមេរិកនៅទីក្រុង Seattle លោក Xi Jinping បានជូនពរដល់ប្រជាជនចិនក្នុងតំបន់ ដោយថ្លែងថា “យើងមកអាមេរិកលើកនេះ បាននាំយកនំព្រះខែពីស្រុកកំណើត នេះជាទឹកចិត្តបន្ដិចបន្ដួចរបស់ប្រជាជននៃមាតុភូមិ។

ក្នុងពិធីបុណ្យប្រពៃណីនីមួយៗ លោកXi Jinpingប្រធានរដ្ឋចិនសុទ្ធតែមកជួបប្រជាជន ដើម្បីនិយាយជាមួយប្រជាជន សួរសុខទុក្ខ ស្តាប់សំឡេងប្រជាជន ជូនពរជ័យនិងភ្លក់រសជាតិនៃវប្បធម៌ប្រពៃណីជាមួយប្រជាជន។ពេលថ្ងៃបុណ្យប្រពៃណីបានក្លាយទៅជាចំណងវប្បធម៌ ដែលត្រូវបានចារនៅក្នុងហ្សែនរបស់ជនជាតិចិននៅទូទាំងពិភពលោក ហើយនៅពេលដែលប្រវត្តិសាស្ត្រ ត្រូវបានដាក់បញ្ចូលទៅក្នុងជីវភាពសម័យទំនើប ទំនុកចិត្តផ្នែកវប្បធម៌របស់ខ្លួនបានបង្កើតទៅជា ទីជ្រកកោនផ្នែកស្មារតីរបស់ប្រជាជនចិនទាំងអស់ ហើយក្លាយជាកម្លាំងដ៏ជ្រាលជ្រៅនិងយូរអង្វែង នៅក្នុងបេះដូងរបស់ប្រជាជនចិន៕

ដោយវិទ្យុមិត្តភាពកម្ពុជាចិន