(ប៉េកាំង)៖ នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិនXi Jinping និងជាបេសកជនពិសេសរបស់អង្គការយូណេស្កូសម្រាប់ ការជំរុញការអប់រំសម្រាប់កុមារីនិងស្ត្រី រួមជាមួយលោកស្រី Audrey Azoulay អគ្គនាយកអង្គការយូណេស្កូ បានចូលរួមនិងថ្លែងសុន្ទរកថាដោយឡែកពីគ្នា ក្នុងពិធីប្រគល់ពានរង្វាន់អប់រំសម្រាប់កុមារី និងស្ត្រីរបស់អង្គការយូណេស្កូឆ្នាំ ២០២៣ នៅទីក្រុងប៉េកាំង។

ពេលថ្លែងសុន្ទរកថា លោកស្រី Peng Liyuan បានលើកឡើងថា កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសចិន និងអង្គការយូណេស្កូ ជាពិសេសការបង្កើតពានរង្វាន់អប់រំកុមារីនិងស្ត្រី បានធ្វើជាគំរូសម្រាប់ការអភិវឌ្ឍ នៃការអប់រំកុមារីនិងស្ត្រីនៅជុំវិញពិភពលោក។ សង្ឃឹមថាគ្រប់ភាគីទាំងអស់នឹងបង្កើនការវិនិយោគ និងការគាំទ្របន្ថែមទៀត ដើម្បីជួយស្ត្រីនិងលើកកម្ពស់ កម្រិតសុខភាពរបស់ពួកគេ។ លោកស្រីបានបន្តថា ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការធានានូវសិទ្ធិទទួលការអប់រំដោយសមភាពរបស់ស្ត្រី ហើយមានឆន្ទៈក្នុងការធ្វើការជាមួយគ្រប់ភាគី ដើម្បីលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់នៃការអប់រំកុមារី និងស្ត្រីនៅជុំវិញពិភពលោក។

លោកស្រី Audrey Azoulay បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលតែងតែគាំទ្រយ៉ាងខ្លាំងដល់អង្គការយូណេស្កូ ជាប់រហូតមក។ អង្គការយូណេស្កូមានឆន្ទៈបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនដើម្បីលើកកម្ពស់ការអភិវឌ្ឍបន្ថែមទៀត នូវការអប់រំសម្រាប់កុមារីនិងស្ត្រីនៅជុំវិញពិភពលោក៕

ដោយវិទ្យុមិត្តភាពកម្ពុជាចិន