(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណ បានឲ្យដឹងថា លោក Travis King ដែលជាកងទ័ពរបស់សហរដ្ឋអាមេរិក បានមកដល់មន្ទីរពេទ្យយោធាក្នុងរដ្ឋតិចសាស់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ជាកន្លែងដែលលោកនឹងទទួលការវាយតម្លៃ ផ្នែកវេជ្ជសាស្ត្រ រួមទាំងសុខភាពផ្លូវចិត្ត បន្ទាប់ពីត្រូវកូរ៉េខាងជើងបណ្តេញចេញមួយថ្ងៃមុននេះ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

អ្នកនាំពាក្យរបស់មន្ទីបញ្ចកោណ លោកស្រី សាប្រ៊ីណា ស៉ីង (Sabrina Singh) បានប្រាប់អ្នកសារព័ត៌មានថា «Travis King ត្រូវឆ្លងកាត់ការពិនិត្យសុខភាព ការវាយតម្លៃផ្នែកវេជ្ជសាស្ត្រ ហើយបន្ទាប់មកជួបជាមួយអ្នកជំនាញដើម្បីវាយតម្លៃសុខភាពផ្លូវចិត្ត»។ យ៉ាងនេះក្តី លោកស្រី ស៉ីង មិនអាចប្រាប់ពីរយៈពេលនៃដំណើរការវាយតម្លៃស្ថានភាពរបស់ Travis King បាននោះទេ ដោយគ្រាន់តែបញ្ជាក់ថានឹងត្រូវទទួលការតេស្តនាពេលឆាប់ៗខាងមុខ។

គួរបញ្ជាក់ថា Travis King ដែលមានអាយុ ២៣ឆ្នាំត្រូវបានឃុំខ្លួននៅកូរ៉េខាងជើងអស់រយៈពេលជាង ២ខែបន្ទាប់ពីការរត់ឆ្លងចូលតំបន់ព្រំដែនយោធាខណ្ឌចែកឧបទ្វីបកូរ៉េ។ មកទល់នឹងពេលនេះ នៅតែមិនទាន់ព័ត៌មានលម្អិត អំពីការប្រព្រឹត្តទៅលើ Travis King អំឡុងពេលស្ថិតក្នុងការឃុំឃាំងរបស់កូរ៉េខាងជើង ហើយសំណួរនៅតែមានជុំវិញមូលហេតុ ដែលលោកសម្រេចចិត្តភៀសខ្លួនទៅកាន់កូរ៉េខាងជើង៕

">

រូបភាពពី AP