(ស្តុកខុល)៖ នាយករដ្ឋមន្រ្តីស៊ុយអែតបាននិយាយថា លោកនឹងបើកកិច្ចពិភាក្សាជាមួយប្រមុខកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមេប៉ូលិសជាតិរបស់ស៊ុយអែត ដើម្បីជជែកអំពីមធ្យោបាយកាត់បន្ថយ អំពើហិង្សារបស់បណ្តាញក្រុមឧក្រិដ្ឋជន ដែលក្នុងខែនេះបានធ្វើសកម្មភាពវាយប្រហារជាបន្តបន្ទាប់ ហើយបានបណ្តាលឱ្យ មនុស្សយ៉ាងហោច១១នាក់ បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣។
នាយករដ្ឋមន្រ្តីស៊ុយអែត លោក អ៊ូល គ្រីស្ទើសុន (Ulf Kristersson) បាននិយាយថា រូបលោកនឹងជួបជាមួយ មេបញ្ជាការកំពូលរបស់កងកម្លាំងប្រដាប់អាវុធ និងអគ្គស្នងការប៉ូលិសជាតិនាថ្ងៃសុក្រនេះ ដើម្បីរិះរកមធ្យោបាយសំដៅអាចឱ្យខាងយោធាជួយខាងប៉ូលិស នៅក្នុងការងារប្រយុទ្ធប្រឆាំងបណ្តាញក្រុមឧក្រិដ្ឋជន។ ក្នុងការថ្លែងសារទៅកាន់ប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ លោក Kristersson បានលើកឡើងយ៉ាងដូច្នេះថា «ស៊ុយអែតមិនធ្លាប់មើលឃើញ រឿងបែបនេះពីមុនមកឡើយ។ ពុំមានប្រទេសអឺរ៉ុបដទៃណា ដែលកំពុងមើលឃើញរឿងបែបនេះទេ»។
កាលពីថ្ងៃពុធសប្តាហ៍នេះ មនុស្ស២នាក់បានស្លាប់ ក្នុងករណីបាញ់ប្រហារដាច់ដោយឡែកពីគ្នា នៅទីក្រុងស្តុកខុល ហើយស្រ្តីម្នាក់អាយុខ្ទង់២០ឆ្នាំ បានបាត់បង់ជីវិត នៅពេលគ្រាប់បែកបានផ្ទុះបំផ្លាញផ្ទះមួយខ្នង នៅទីក្រុង Uppsala ក្បែរទីក្រុងស្តុកខុល កាលពីថ្ងៃព្រហស្បតិ៍។ ភ្លាមៗនេះ វាមិនទាន់ច្បាស់ថា តើយោធាស៊ុយអែត នឹងចូលពាក់ព័ន្ធកម្រិតណាឡើយ ក្នុងកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាអំពើហិង្សារបស់ក្រុមឧក្រិដ្ឋជន។
គួរបញ្ជាក់ថា បើតាមការប៉ាន់ស្មានរបស់ប៉ូលិស មនុស្សសរុបប្រហែល៣០០,០០០នាក់ នៅស៊ុយអែត គឺស្ថិតនៅក្នុងបណ្តាញក្រុមឧក្រិដ្ឋជនផ្ទាល់ ឬមួយក៏មានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជន។ ជាមួយគ្នានេះ អំពើហិង្សាក៏ត្រូវគេសង្កេតឃើញថា បានរាលដាលពីតំបន់ទីក្រុងធំៗ ទៅកាន់តំបន់ក្រុងតូចៗ ជាទីដែលបទឧក្រិដ្ឋហិង្សាកន្លងមកជារឿងកម្រ ផងដែរ។ កាលពីឆ្នាំមុន មានមនុស្សជាង៦០នាក់ បានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនៅស៊ុយអែត ដែលជាតួលេខខ្ពស់បំផុតក្នុងកំណត់ត្រា។ បើតាមការប៉ាន់ស្មាន តួលេខឆ្នាំនេះ គឺកំពុងឆ្ពោះទៅរកចំនួនដដែល ឬក៏ច្រើនជាងមុនថែមទៀត៕