(សិង្ហបុរី)៖ ក្រុមហ៊ុនប្រតិបត្តិករបណ្តាញផ្គត់ផ្គង់អគ្គីសនី នៅឯប្រទេសសិង្ហបុរី SP Group បានប្រកាសនៅថ្ងៃសុក្រនេះថា ថ្លៃថាមពលអគ្គិសនី និងឧស្ម័ន នឹងត្រូវដំឡើងក្នុងអត្រាជាមធ្យម ៣.៧ភាគរយ ចាប់ពីខែតុលា ដល់ខែធ្នូ ចុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣។
ការដំឡើងខាងលើមានន័យស្មើនឹង កំណើនប្រហែល០.៩៨សេន (លុយសិង្ហបុរី) ក្នុងមួយគីឡូវ៉ាត់ម៉ោង មុនគិតថ្លៃពន្ធលើសេវាកម្មនិងទំនិញ (GST)។ សម្រាប់ផ្ទះសម្បែងនៅសិង្ហបុរី ថ្លៃអគ្គិសនីមុនរាប់ពន្ធ GST នឹងត្រូវកើនពី២៧.៧៤សេន ទៅ២៨.៧០សេន ក្នុងមួយគីឡូវ៉ាត់ម៉ោង។ ថ្លៃការប្រើប្រាស់អគ្គិសនីជាមធ្យមប្រចាំខែ សម្រាប់គ្រួសារដែលរស់នៅតាមផ្ទះល្វែងសាធារណៈរបស់រដ្ឋ ដែលមាន៤បន្ទប់ នឹងត្រូវកើន៣.៥៧ដុល្លារសិង្ហបុរី។
គួរបញ្ជាក់ថា វាគឺជាត្រីមាសទី២ជាប់គ្នាហើយ នៃការដំឡើងថ្លៃថាមពលអគ្គិសនី និងឧស្ម័ន នៅប្រទេសសិង្ហបុរី ខណៈក្រុមហ៊ុន SP Group បានអះអាងថា ការដំឡើងនេះ គឺដោយសារថ្លៃដើមថាមពល បានកើនឡើងខ្ពស់ ធៀបនឹងត្រីមាសកន្លងមក។ យ៉ាងណាមិញ ដើម្បីជួយប្រជាជនសិង្ហបុរី ដោះស្រាយបញ្ហានៃការកើនឡើងថ្លៃចំណាយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋាភិបាលសិង្ហបុរី ក៏បានប្រកាសកញ្ចប់ថវិកាគាំទ្រ សម្រាប់ប្រជាជនដែលទទួលបាន បើត្រូវតាមលក្ខខណ្ឌកំណត់ ផងដែរ៕
រូបភាពពី CNA