(ហ្សឺណែវ)៖ ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យមានការធ្វើកំណែទម្រង់ទ្រង់ទ្រាយធំ ចំពោះប្រព័ន្ធពន្ធនាគាររបស់សហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងការរើសអើងពូជសាសន៍ ដោយយោងលើការផ្តល់សក្ខីកម្មមួយចំនួន ដែលថាស្រ្តីជនជាតិស្បែកខ្មៅជាអ្នកទោស ត្រូវបានដាក់ច្រវាក់សូម្បីតែពេលមានផ្ទៃពោះ ខណៈអ្នកទោសជាបុរសស្បែកខ្មៅវិញ ត្រូវបានបង្ខំឱ្យធ្វើពលកម្ម ក្រោមស្ថានភាពស្រដៀងទៅនឹងសម័យទាសករ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងរបាយការណ៍ដែលចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អ្នកជំនាញតែងតាំងដោយ UN ចំនួន៣រូប បាននិយាយថា ពួកគេបានរកឃើញថា ការអនុវត្តសកម្មភាពនៅតាមពន្ធនាគាររបស់សហរដ្ឋអាមេរិក គឺស្មើទៅនឹងការប្រមាថមើលងាយ ចំពោះសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិយ៉ាងដូច្នោះ អំលុងការបំពេញទស្សនកិច្ចរបស់អ្នកជំនាញទាំង៣ កាលពីខែមេសា និងឧសភា ឆ្នាំនេះ។
យោងតាមរបាយការណ៍ដដែល ការអនុវត្តដ៏អាក្រក់មួយ គឺការចាប់ចងនិងដាក់ច្រវាក់ស្រ្តីជាទណ្ឌិត អំលុងពេលពពោះ។ ក្រុមអ្នកជំនាញទទួលបាន ការផ្តល់សក្ខីកម្មដោយផ្ទាល់ អំពីស្រ្តីមានផ្ទៃពោះត្រូវជាប់ច្រវាក់ អំលុងពេលឆ្លងទន្លេ ហើយដោយសារបែបនោះ ពួកគេបានបាត់បង់កូនរបស់ខ្លួន។ នៅពេលសាកសួរលម្អិត អ្នកនាំពាក្យសិទ្ធិមនុស្សរបស់ UN ម្នាក់ បាននិយាយថា មានករណីបែបនេះមួយចំនួនកើតឡើង ហើយទទួលស្គាល់ថា ករណីទាំងនោះសុទ្ធតែពាក់ព័ន្ជជាមួយស្រ្តីស្បែកខ្មៅ។
ទន្ទឹមគ្នា ក្រុមអ្នកជំនាញ UN ក៏ប្រមូលបានការផ្តល់សក្ខីកម្មដោយផ្ទាល់ផងដែរ អំពីស្ថានភាពនៅពន្ធនាគារមួយកន្លែង ក្នុងរដ្ឋ Louisiana ជាទីដែលមានការអះអាងថា អ្នកទោសរាប់ពាន់នាក់ ភាគច្រើនជាបុរសស្បែកខ្មៅ ត្រូវបានបង្ខំឱ្យធ្វើពលកម្មនៅតាមចម្ការ ក្រោមការឃ្លាំមើលពីសំណាក់ ក្រុមជនស្បែកសដែលជិះលើខ្នងសេះ ក្នុងលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹងស្ថានភាពកាលពី១៥០ឆ្នាំមុន ដែលចង់សំដៅលើសម័យទាសករនៅសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ស្ថានភាពនៅតាមពន្ធនាគាររបស់សហរដ្ឋអាមេរិក គឺជាក្តីកង្វល់អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ខណៈក្រុមសិទ្ធិមនុស្សជាយូរមកហើយបានខិតខំអំពាវនាវឱ្យ ពន្ធនាគារណាដែលមានកំណត់ត្រាអាក្រក់ៗជាងគេបង្អស់ ត្រូវធ្វើកំណែទម្រង់ឬបិទទ្វារចោលតែម្តង។ របាយការណ៍ស៉ើបអង្កេតខាងលើ ត្រូវបានផ្តួចផ្តើមឡើងកាលពីឆ្នាំ២០២១ ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN ដែលសហរដ្ឋអាមេរិកជាសមាជិកមានសិទ្ធិបោះឆ្នោត ក្រោយការសម្លាប់លោក George Floyd ដែលជាបុរសស្បែកខ្មៅម្នាក់ បានដាច់ខ្យល់ស្លាប់ ក្រោយត្រូវមន្រ្តីប៉ូលិសអាមេរិក ដែលជាជនស្បែកសយកជង្គង់សង្កត់ក៕
">
រូបភាពពី AFP